NOCC បន្តរៀបចំបញ្ជ្រាបការផ្សព្វផ្សាយ «អប់រំគុណតម្លៃអូឡាំពិក»

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០–

ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តរៀបចំបញ្ជ្រាប ការផ្សព្វផ្សាយ «អប់រំគុណតម្លៃអូឡាំពិក» ជាលើកទី២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រោងនឹងបន្តធ្វើនៅបណ្តាខេត្តមួយចំនួនទៀត នាពេលខាងមុខជា បន្តបន្ទាប់។

លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគ្រប់គ្រងគម្រោងនៃគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ដែលធ្វើបទបង្ហាញលើប្រធានបទកម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានលើកឡើងថា បន្ទាប់ពីការរៀបចំនេះ លោកសង្គេត ឃើញថា ក្រុមយុវជន ដែលបានចូលរួមក្នុងពេលនេះមានការយល់ដឹងមួយចំនួនដែរ ទាក់ទងនឹងគុណ តម្លៃអូឡាំពិក និងមួយទៀតទាក់ទងការរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ពួកគាត់បានយល់ដឹងច្រើនដែរ តាមរយៈការផ្សព្វផ្សាយ របស់ប្រព័ន្ធ ផ្សព្វផ្សាយជាដើម។

លោកអះអាងថា ចំពោះគោលបំណងនៃគុណតម្លៃអូឡាំពិក ក៏ដូចជាកម្ពុជាក្នុង ដំណើរឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលការផ្សព្វផ្សាយនេះ គឺលើកទឹកចិត្តឱ្យពួក គាត់ចូលរួមលេងកីឡា ហើយយុទ្ធនាការរបស់យើងគឺនាំឱ្យស្គាល់ពីខ្លឹមសារ ពលរដ្ឋម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត និងបដិសណ្ឋាកិច្ចល្អ ដែលនៅពេល យើងទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ គឺធ្វើយ៉ាងណាឱ្យកម្ពុជាស្អាតជាមួយ នឹងយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយគ្រឿងញៀនជាដើម។

អនុប្រធានគ្រប់គ្រងគម្រោង NOCC រូបនេះសង្កត់ធ្ងន់ថា សម្រាប់កម្មវិធី អប់រំគុណតម្លៃអូឡាំពិកនេះ ប្រចាំឆ្នាំ២០២០ នេះនឹងបន្តធ្វើជាច្រើនកន្លែងទៀត ជាបន្តបន្ទាប់ ដូចជារាជធានីភ្នំពេញម្តងទៀត, នៅទីក្រុងតាខ្មៅខេត្តកណ្តាល, វិទ្យាល័យតាំងគោក ខេត្តកំពង់ធំ ដែលគ្រោងនឹងធ្វើធំជាងគេ ដោយរៀបចំឱ្យ មានអ្នកចូលរួមប្រមាណ ១០០០នាក់។

លោកបញ្ជាក់ថា សម្រាប់ការចូលរួមរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជារួមចំណែកជាមួយ CAMSOC ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយពីការចូលរួមរបស់ ប្រជាពលរដ្ឋខ្មែរ ទូទៅឱ្យចូលរួមក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជាឱ្យ ទទួលបាន ជោគជ័យផងដែរ។

អំ សៀវម៉ី ដែលជាសិស្សរៀនថ្នាក់ទី៨ អនុវិទ្យាល័យវត្តដំបូកខ្ពស់ ដែលចូលរួមក្នុងកម្ម វិធីថ្ងៃនេះបានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ជាលើកដំបូងរបស់ខ្លួន ហើយក៏ទទួលបាននូវបទពិសោធន៍ថ្មីមួយ និងចំណេះដឹងជាច្រើន ពីវាគ្មិនសំខាន់ៗ ដែលបានធ្វើបទបង្ហាញ និងលេងកីឡាក្នុងឱកាសនេះ។ «យើងពិតជាមាន មោទនភាពខ្លាំងមែនទែន ដែលកម្ពុជាយើងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣»។

ចំណែកឯយុវសិស្សម្នាក់ទៀតក៏បង្ហាញនូវភាពសប្បាយរីករាយរបស់ខ្លួនផងដែរ ដែលឈ្វេង យល់នូវចំណេះដឹងបន្ថែមនៃវិស័យកីឡា ក៏ដូចជាការត្រៀមខ្លួន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ នៅកម្ពុជាផងដែរ៕

ដោយ ហេង ណាលីន

សម្រួលដោយ៖ កន ចំណាន