សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី សុំអធ្យាស្រ័យចំពោះផលប៉ះពាល់មកដល់កម្ពុជា បណ្ដាលមកពីខ្លួនគាត់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្ដម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាទីក្រុងប៊ុយតាប៉េស្ត បានសុំការអធ្យាស្រ័យចំពោះកម្ពុជាអំពីផលប៉ះពាល់មកដល់កម្ពុជា បណ្ដាលមកពីខ្លួនគាត់ដែលបានធ្វើតេស្តមិនមានកូវីដ១៩ នោះទេនៅក្នុងប្រទេសរបស់គាត់ ទើបគាត់មកធ្វើទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងសារជាសំឡេងជាង ២០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើជូនឯកឧត្ដម ម៉ម ប៊ុនហេង និងសហការីក្នុងគណៈរដ្ឋមន្ត្រី ជាពិសេសគឺចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងកូវីដ១៩ ហើយកំពុងតែធ្វើចត្តាឡីស័ក ពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីមកកាន់កម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីម្សិលមិញនេះឯកឧត្ដម ប្រាក់ សុខុន បានជួបតាមទូរសព្ទ័ផ្ទាល់ជាមួយឯកឧត្ដមរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលគាត់កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅឯទីក្រុងប៊ុយតាប៉េស្ត គាត់បានសូមអធ្យាស្រ័យចំពោះយើង អំពីផលប៉ះពាល់មកដល់យើង បណ្ដាលមកពីខ្លួនគាត់ ដែលគាត់បានធ្វើតេស្តមិនមានកូវីដ១៩ទេ ទើបគាត់ចេញមកធ្វើទស្សនកិច្ច។ ឯការឆ្លងនេះទៀតសោត ប្រពន្ធរបស់គាត់និងកូនទាំងពីររបស់គាត់ រួមទាំងអ្នកធ្វើដំណើរជាមួយគាត់មិនមានបញ្ហាអ្វីទាំងអស់ តែចម្លែកតែគាត់ម្នាក់ ហើយតាមរយៈឯកឧត្ដម ប្រាក់ សុខុន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះគាត់។

សម្ដេចតេជោបានបន្តថា ដូច្នេះគឺច្បាស់ណាស់ថា កូវីដ១៩ បានកើតមានចំពោះរដ្ឋមន្ត្រីការបរទេសហុងគ្រី។ ដូច្នេះហើយទាមទារឱ្យយើងនៅកម្ពុជា ដែលមកដល់ពេលនេះក្រសួងសុខាភិបាលបានខិតខំធ្វើតេស្តរហូតដល់ជាង ៨០០នាក់ រាប់ទាំងកូន ប្រពន្ធរបស់អ្នកដែលមានការពាក់ព័ន្ធ ហើយក៏ដាក់ឱ្យធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័ក គឺជាផ្នែកដ៏សំខាន់មួយ នៃជោគជ័យរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងកូវីដ១៩ អស់រយៈពេលជាង១០ខែកន្លងទៅ។

គួរបញ្ជាក់ដែរថា ឯកឧត្ដម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល១ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី

សម្រួលដោយ៖ កន ចំណាន