ឧបករណ៍ធ្វើតេស្ដត្រួតពិនិត្យជាតិអាកុលជាច្រើន ត្រូវបានប្រគល់ជូនស្នងការនគរបាលរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៦ ១១ ២០២០

MC៖  រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ឧបករណ៍ធ្វើតេស្ដត្រួតពិនិត្យជាតិអាកុលជាច្រើនជូនស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីទុកវាស់ជាតិអាកុល ក្នុងពេលអ្នកបើកបរពិសារគ្រឿងស្រវឹង ។ 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រគល់ឧបករណ៍សម្រាប់បម្រើឱ្យការត្រួតពិនិត្យ(ធ្វើតេស្ដ) រកជាតិអាកុលនេះ គឺដើម្បីយកទៅអនុវត្តច្បាប់ លើការត្រួតពិនិត្យជាតិអាកុលទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ក្នុងពេលធ្វើដំណើរក្រោយពីបានពិសាជាតិស្រវឹង នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបានណែនាំដល់កងកម្លាំងសមត្ថកិច្ច ប៉ូលិសទាំងអស់ ត្រូវបន្តដាក់គោលដៅ ដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសគ្រប់ប្រភេទបានថយចុះ ចំណែកឯគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះដែរ។ 

ឧបករណ៍ធ្វើតេស្ត ដែលបានឧបត្ថម្ភជូននគរបាលរាជធានីភ្នំពេញ  រួមមាន៖ ម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន១៦គ្រឿង ម៉ាស៊ីនព្រីនលទ្ធផលជាតិអាកុលចំនួន១៦គ្រឿង និងបំពង់ផ្លុំចំនួន៥០០បំពង់ ។

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលឧបករណ៍ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នងការ នគរបាលរាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ៕​