កញ្ចប់ទស្សនាសត្វដំរីនៅជើងភ្នំគូលែន កំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិឱ្យទៅលេងកម្សាន្ត

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប


សៀមរាប៖ កញ្ចប់ទស្សនាសត្វដំរីនៅជើងភ្នំគូលែន កំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ ឱ្យទៅ លេងកម្សាន្តយ៉ាងកុះករ ពិសេសនៅថ្ងៃចុងសប្តាហ៍។
ក្រោយពីផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់រមណីយដ្ឋានអង្គរ អស់រយៈពេលប្រមាណ២០ឆ្នាំមក សត្វដំរីចំនួន១៣ក្បាលបានចូលនិវត្តន៍ រស់នៅព្រៃសហគមន៍បុស្សធំ ស្ថិតនៅជើងភ្នំគូលែន ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដំរីទាំងនោះ បានក្លាយជាកញ្ចប់ទស្សនាសត្វដំរីដ៏ពេញនិយមមួយពីសំណាក់ភ្ញៀវទេសចរ។
លោកដេវីត ជាស្ថាបនិកក្រុមហ៊ុន Kulen Elephant Forest បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ក្រុមហ៊ុនលោក មានគោលដៅថែរក្សា ការពារ ដោយផ្តល់កន្លែងសម្រាប់ការចូលនិវត្តន៍ ងាយស្រួលឱ្យដំរីចំនួន១៣ក្បាលមកពីតំបន់អង្គរ បានមកស្នាក់នៅទីនេះ ប្រកបដោយសុវត្ថិភាពនិងមានអាហារគ្រប់គ្រាន់។
លោកបន្តថា បច្ចុប្បន្នក្រុមការងារសិក្សាពីគម្រោងបង្កាត់ពូជដំរី និង គម្រោងសាងសង់គ្លីនីកដើម្បីពិនិត្យអ៊កម៉ូនសត្វដំរី ដើម្បីពង្រីកបរិមាណសត្វដំរីនៅក្នុងសហគមន៍នេះឱ្យបានកាន់តែច្រើន។
លោកបន្តថា ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រុមហ៊ុនបានផ្តល់សេវាកម្មជាកញ្ចប់ទេសចរណ៍ សម្រាប់ភ្ញៀវ ដែលចង់ទស្សនាសកម្មភាពផ្សេងៗរបស់សត្វដំរីដូចជា ងូតទឹក ស៊ីចំណី និងការដើរកម្សាន្តជាមួយសត្វដំរី ចូលនិវត្តន៍ទាំង១៣ក្បាល នៅព្រៃសហគមន៍នេះ។
លោក​បញ្ជាក់​ថា​«យើងមានសេវាដឹកគាត់មកពីក្រុងសៀមរាប ហើយមានអាហារឱ្យគាត់មួយពេល អ៊ីចឹងពីគាត់ចេញពីអូតែល រហូតទៅដល់វិញ យើងផ្តល់សេវាកម្មឱ្យគាត់គ្រប់មុខទាំងអស់ ធម្មតាទេសចរឥឡូវគាត់ចូលចិត្តបែបផ្សងព្រេង និងទេសចរធម្មជាតិ មកដល់នេះហើយទេសចរគាត់អាចមកកម្សាន្តដើរលេងជាមួយដំរី មើលដំរីប្រឡែងគ្នា ដំរីស៊ីស្មៅ ដំរីងូតទឹកដល់ចប់ ហើយគាត់ទៅញ៉ាំបាយនៅផ្ទះ ឬអាចញ៉ាំអាហារសម្រន់ពេលថ្ងៃនៅមាត់ស្រះមើលដំរីងូតទឹក»។
លោកបញ្ជាក់ថា មុនពេលកើតមានវិបត្តិជំងឺកូវីដ-១៩ទេសចរបរទេសគឺមកពីអឺរ៉ុបនិងអាមេរិក មកលេងច្រើន ប៉ុន្តែពីមានជំងឺកូវីដ-១៩មក មានភ្ញៀវមកពីរាជធានីភ្នំពេញច្រើន ដែលពួកគាត់ភាគច្រើនជាអ្នកចូលចិត្តទស្សនា សម្រស់ធម្មជាតិ។
សូមបញ្ជាក់ថា ព្រៃសហគមន៍បុស្សធំជើងភ្នំគូលែនមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្ត ដោយបានបែងចែកផ្ទៃដី សម្រាប់ដំរីរស់នៅមានចំនួន១៥ហិកតា ព្រៃសហគមន៍ទំហំ២០០ហិកតា និងផ្ទៃដីចំនួន៤០ហិកតា វិលជុំសម្រាប់ជាចំណី របស់សត្វដំរី៕​