អភិបាលខេត្តប៉ៃលិន ពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្កការសុខភាពពិភពលោក អំពីបញ្ហាជំងឺកូវីដ-១៩និងជំងឺគ្រុនចាញ់

 

វិទ្យុជាតិកម្ពុជា៖ ដោយ​ កុល​ កាយ​ណា

      នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធាន គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា នៅសាលា ខេត្តប៉ៃលិន ។

      ក្នុងជំនួបពិភាក្សានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លង មក ទទួលបានជោគជ័យល្អប្រសើរ។ 

      ជាមួយគ្នានោះលោកជំទាវ ក៏បានស្នើអោយអាជ្ញាធរខេត្តនិងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ រលកទី២ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។                                                                                                                                              លោកជំទាវក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្ត ដែលបានសាងសង់អាគារចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិព្រំ សម្រាប់ត្រួតពិនិត្យ និង ទប់ស្កាត់ជំងឺកូវីត-១៩ ស្របតាមស្តង់ដារផងដែរ ។ ក្រៅអំពីបញ្ហាជំងឺកូ-វី១៩ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានលើកឡើងអំពីជំងឺគ្រុនឈាម គ្រុនឈឺក និងជំងឺគ្រុនចាញ់ និងអំពីវិធានការ ការពារ ទប់ស្កាត់ ដែលតម្រូវឲ្យមន្ទីរសុខាភិបាលនិងអាជ្ញាធរយកចិត្តទុកដាក់តាមដានជាប្រចាំ។ 

ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសសើរ រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យខ្ពស់។  លោកស្រីវេជ្ជបណ្ឌិតបន្ដថា៖ ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។ លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យរបស់កម្ពុជា ព្រោះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវិនិយោគទៅលើទំនាក់ទំនង ដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។  ម្យ៉ាងវិញទៀតសុំអោយខេត្តប៉ៃលិនជាខេត្តដែលតូច តែបេះដូងធំលើវិស័យសុភិបាលជាបន្តទៀត។ 

     ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចុះមកបំពេញបេសកកម្មនៅខេត្តប៉ៃលិន ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

      ជាមួយគ្នានេះឯកឧត្តម  ក៏បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល  ក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បានធ្វើការណែនាំបន្ដ ដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ តំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម។ ជាពិសេសការធ្វើអាគារចត្តាឡីស័ក នៅច្រកទ្វារអន្តរជាតិព្រំប្រកបដោយស្តង់ដារខ្ពស់ ងាយស្រួលត្រួតពិនិត្យនិងទប់ស្កាប់ជំងឺកូវីត-១៩ ប្រកបដោយប្រសិទ្ធភាព ខ្ពស់។ 

      គួរបញ្ជាក់ថា៖ រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមទីតាំង៣កន្លែង សម្រាប់ធ្វើចត្តាឡីស័ក រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត ច្រកទ្វារអន្តរជាតិព្រំ នឹង ទីតាំងបម្រុងផ្ទះសំណាក់គ្រូបង្រៀន៕​