ក្រសួងបរិស្ថាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​១១ តាម​ប្រព័ន្ធ​អន​ឡាញ​

AKP ភ្នំពេញ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​កាលពី​ថ្ងៃ​៥​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (​គ​.​ជ​.​អ​.​ច​) និង​ជា​ប្រធាន​ក្រុមការងារ​អាស៊ាន ស្ដីពី​ការប្រែប្រួល​អាកាសធាតុ បាន​ដឹកនាំ​មន្ត្រី​ក្នុង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (ASEAN Working Group on Climate Change -AWGCC)​លើក​ទី​១១ តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ប្រភពពី​ក្រសួងបរិស្ថាន​បានឱ្យដឹង​បន្តថា កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​(ASEAN Working Group on Climate Change-AWGCC)​លើក​ទី​១១ តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​រៀបចំ​ដោយ​ការិយាល័យ​ធនធានធម្មជាតិ គោលនយោបាយ​
​បរិស្ថាន និង​ផែនការ (ONEP) នៃ​ប្រទេស​ថៃ និង​ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​៩​ប្រទេស រួមមាន​៖ ប្រទេស​កម្ពុជា ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ព្រុយ​ណេ ហ្វ៊ី​លី​ពី​ន និង​ប្រទេស​សិង្ហ​បុរី (​ប្រទេស​ឡាវ​អវត្តមាន​) និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​នានា​ចំនួន​១៦ ដូចជា តំណាង UNFCCC , EU, GIZ, UNEP, IGES, OECC, JICA, HSF, ROK, IRENA, E-READI, Word Bank និង​លេខាធិការដ្ឋាន​អាស៊ាន​។
​ប្រភព​ខាងលើ​បន្តថា កិច្ចប្រជុំ​លើក​ទី​១១​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​សកម្មភាព​អាកាសធាតុ តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាព ការប្រែប្រួល​អាកាសធាតុ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​(AMS) ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

​ឯកឧត្តម​អគ្គលេខាធិការ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​អាស៊ាន ស្ដីពី​ការប្រែប្រួល​អាកាសធាតុ បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍​ទៅកាន់​អង្គប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ និង​មានប្រសាសន៍ថា វិបត្តិ​កូ​វីដ​-១៩ បាន​បង្ករ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក ក្នុងនោះ​សេដ្ឋកិច្ចកម្ពុជា ក៏​បាននិងកំពុង​ប្រឈម ព្រមទាំង​រង​ផលប៉ះពាល់​ពី​បញ្ហា​កូ​វីដ​-១៩ យ៉ាងខ្លាំង​ផងដែរ​។ ក្រៅពីនោះ​កម្ពុជា​បាន​រង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យ​ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង​បាន​បង្ករ​ឱ្យមាន​ការបាត់​បង់ជីវិត​មនុស្ស សត្វ​មួយចំនួន​ផងដែរ​។

​ជា​លទ្ធផល​កិច្ចប្រជុំ​បានកំណត់ និង​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ផែនការ​សកម្មភាព​ក្នុងការ​អនុវត្ត​គម្រោងការ​ប្រែប្រួល​អាកាសធាតុ ដូចខាងក្រោម​៖
១- ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី និង​ផែនការ​សកម្មភាព​នានា​ដែល​នឹងត្រូវ​អនុវត្តន៍​ដោយ​ក្រុមការងារ​អាស៊ាន ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (AWGCC)​។ ២-​ពិនិត្យឡើងវិញ និង​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ដែល​អនុវត្តន៍​ដោយ​ក្រុមការងារ​អាស៊ាន​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (AWGCC)​។ ៣- ប្រទេស​ព្រុយ​ណេ បាន​ដឹកនាំ​រៀបចំសេចក្តី​ព្រាង​ថែ្ល​ង​ការណ៍​រួម​របស់​អាស៊ាន ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ដាក់ជូន​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ នាពេល​សន្និសីទ​បណ្តា​ភាគី​លើក​ទី​២៦(COP26) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចក្រភព​អង់គ្លេស ឆ្នាំ​២០២១​។ ៤- សន្និសីទ​ស្តីពី​ភាពជា​ដៃគូ នៃ​ការប្រែប្រួល​អាកាសធាតុ​អាស៊ាន ត្រូវបាន​លើក​ពេល​ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ ៥- ឯកឧត្តម ស៊ុំ ធី អគ្គលេខាធិការរង គ​.​ជ​.​អ​.​ច បាន​ជូនដំណឹង​ដល់​លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​អំពី​ការធ្វើ​បច្ចុប្បន្នភាព ជន​បង្គោល​សម្រាប់​ប្រទេស​កម្ពុជា​។ ៦- ប្រទេស​វៀតណាម​បានស្នើ​សុំ​បន្ថែម​ជន​បង្គោល​របស់ខ្លួន​ចំនួន​១​នាក់​ទៀត ទៅក្នុង​ក្រុមការងារ​អាស៊ាន ស្ដីពី​ការប្រែប្រួល​អាកាសធាតុ និង​ធ្វើលិខិត​ផ្លូវ​ការជូន​ដល់​លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក​។ ៧- បានសម្រេច​ឱ្យ​ប្រទេស​វៀតណាម​ជា​អ្នករៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​១២ នៅ​ឆ្នាំ​២០២១ ដោយពេល​វេលា និង​ទីកន្លែង ប្រទេស​វៀតណាម នឹង​ជូនដំណឹង​នៅពេល​ក្រោយ​៕​ដោយ​៖ ពេជ្រ ណា​រិ​ទ្ធ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​