ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ប្រាសាទ​សំបូរ ទទួល​អំណោយ​ពី​រដ្ឋបាល​ខេត្តកំពង់ធំ និង​ក្រុមហ៊ុន SUCCESSMORE

AKP កំពង់ធំ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ព្រឹក​៥​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​សហការី និង​ក្រុមហ៊ុន សឹក​សេស​ម៉​រ៍​កម្ពុជា (SUCCESSMORE) ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ជា​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ ២០០​គ្រួសារ នៅ​ស្រុក​ប្រាសាទ​សំបូរ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ លូ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ​តែងតែ​នឹករឭក​ចង់ដឹង​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​ចាត់ទុក​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ជា​សុខ​ទុក​របស់​សម្តេច​។
​ឯកឧត្តម​បន្តថា ថ្វីត្បិតតែ​អំណោយ​ទាំងអស់នេះ​តិចតួច មិន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព ប៉ុន្តែ​វា​ក៏​អាចជួយ​សម្រួល​ដល់​ភាពលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងដំណាក់កាល ដែល​មិនអាច​ទៅ​ប្រកបការងារ អំឡុងពេល​ទឹកជំនន់​កំពុងតែ​លិចលង់​នៅតាម​ភូមិឋាន និង​សហគមន៍​។ ជំហាន​ដំបូង​របស់​បងប្អូន គឺ​ត្រូវ​រក្សា​សុវត្ថិភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​នៅក្នុង​បន្ទុក​កុំឱ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ជាពិសេស​បង្កឡើង​ដោយ​ការ​ធ្វេស​ប្រហែល​ធ្វើឱ្យ​បាត់បង់​សមាជិក​ក្នុង​គ្រួសារ ដោយ​ការ​លង់ទឹក ឬ​សត្វ​អាសិរពិស​ខាំ​ជាដើម​។ ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការរស់នៅ ប្រកបដោយ​អនាម័យ​បី​ប្រការ​គឺ​ហូប​ស្អាត ផឹកទឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។

​ឯកឧត្តម សុខ លូ បាន​បញ្ជាក់ថា នៅក្នុង​ខេត្តកំពង់ធំ​ទឹកជំនន់ បានធ្វើឱ្យ​ប៉ះពាល់​គ្រប់​ស្រុក​ទាំងអស់ ប៉ុន្តែ​ផលប៉ះពាល់​ខ្លាំង ជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​កើនឡើង​យ៉ាងគំហុក ធ្វើឱ្យ​លិច​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធ្វើឱ្យ​ពិបាកធ្វើ​ដំណើរ​ទៅវិញទៅមក​។ ឯកឧត្តម​បន្តថា អំណោយ​របស់​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទាំង ២០០​គ្រួសារ​នាពេលនេះ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកបរិសុទ្ធ​១​កេស ត្រីខកំប៉ុង​១​យួរ និង​ថ្នាំពេទ្យ​មួយកញ្ចប់​។
​គួរ​បញ្ជាក់ថា ក្នុងឱកាស​នោះ​ក្រុមហ៊ុន SUCCESSMORE ក៏បានផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​២០០​គ្រួសារ​ផងដែរ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២០​គីឡូក្រាម មី​១​កេស ភួយ​១ អាវយឺត​១ ក្រមា​១ សារុង​១ មុង​១ ថវិកា​មួយចំនួន​។ ដោយឡែក​កង់​ចំនួន ១០​គ្រឿង សម្រាប់​ជូន​ដល់​សិស្ស​ក្រីក្រ ផងដែរ ៕​ដោយ​៖ ស៊ុម វណ្ណា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​