រដ្ឋបាលខេត្ត​កំពង់ធំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ អាណត្តិ​ទី​៣ របស់​ក្រុ​ប្រឹក្សា​ខេត្ត​

AKP កំពង់ធំ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ព្រឹក​ថ្ងៃ​៥​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កំពង់ធំ​បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៧ អណ្ណ​ត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ដៀប ពិ​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​។​
​ក្នុង​កិច្ចប្រជុំ​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប នៅ​សាលប្រជុំ​សាលាខេត្ត​។

​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លើក​ទី​១៧ អាណត្តិ​ទី​៣ មាន របៀបវារៈ​ចំនួន ៤ រួមមាន​៖ ១- ពិនិត្យ និង​អនុម័ត កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ២- ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំ​ខែតុលា ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត ។ ៣- ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​។ ៤- បញ្ហា​ផ្សេង ។​
​បន្ទាប់ពី​ឯកឧត្តម ដៀប ពិ​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លើកយក​របៀបវារៈ​ទាំ​ង​បួន​ខាងលើនេះ ដាក់ជូន​អង្គប្រជុំ​ពិនិត្យ និង​ពិភាក្សា​រួមគ្នា ដោយ​អនុម័ត​យល់ព្រម ពី​ប្រធាន និង​សមា ជិ​ក​ក្រុមប្រឹក្សា​ខេត្ត ដោយ​ការលើកដៃ​យល់ព្រម​រួចមក ឯកឧត្តម ក៏បាន​ធ្វើការ​វាយតម្លៃ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​តាម​មន្ទីរ​អង្គភាព​នីមួយៗ​តាម​តួនាទី​ភារកិច្ច​ដែល​អនុវត្តន៍​ការងារ​កន្លងមក​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។
​ឯកឧត្តម បន្ដទៀតថា សូមឱ្យ​មន្ទីរ​អង្គភាព​ទាំងអស់​ប្រញាប់​ផ្ញើ​របាយការណ៍​ឱ្យបាន​មុន​ខែ ដើម្បីឱ្យ​រដ្ឋបាលខេត្ត​ដាក់បញ្ចូល​ជា​ឯកសារ និង​បែងចែក​តួនាទី ភារកិច្ច​កិច្ច​ក្នុងការ​ពិនិត្យ​របាយការណ៍​ប្រចាំខែ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​។

​ឯកឧត្តម ដៀប ពិ​រី បាន​បញ្ជាក់ថា នាពេល​ខាងមុខនេះ រដ្ឋបាលខេត្ត​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ដូច្នេះ​សូម​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ថែរក្សា​សុវត្ថិភាព សន្ដិសុខ​សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​។ ម្យ៉ាងវិញទៀត​ចំពោះ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ច្បាស់លាស់ អំពី​បញ្ហា​ការជួញដូរ​គ្រឿងញៀន បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ បញ្ហា​ការរំលោភបំពាន​ផ្សេងៗ និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕​ដោយ​៖ ស៊ុម វណ្ណា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​