ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៥០០​គ្រួសារ មកពី​ស្រុក​បសេដ្ឋ​និង​ស្រុក​ភ្នំស្រួច ទទួលបាន​ស្បៀងអាហារ​ពី​មូលនិធិ​សមាគម សមាធិ ព្រះពុទ្ធសាសនា​អន្តរជាតិ​

AKP កំពង់ស្ពឺ ថ្ងៃទី​០៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០–
​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​តំណាង​មូលនិធិ​សមា គម សមាធិ ព្រះពុទ្ធសាសនា​អន្តរជាតិ បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌ ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ៥០០​គ្រួសារ មកពី​ស្រុក​ភ្នំស្រួច និង​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ការផ្តល់​ស្បៀងអាហារ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃ​៥​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បរិវេណ​ទីទួល​សុវត្ថិភាព​មួយកន្លែង​ក្នុងភូមិ​តា​នក ឃុំ​ភក្តី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា ជំនន់​ទឹកភ្លៀង​កន្លងមកនេះ សម្រាប់​ខេត្តកំពង់ស្ពឺ បានធ្វើឱ្យ​ប៉ះពាល់​ប្រពល​រដ្ឋ​ចំនួន​២.៤២០​គ្រួសារ ប៉ះពាល់​ដំណាំ​ស្រូវ​រដូវវស្សា​ចំនួន ២៦.១៩៤​ហិកតា ខូចខាត​ទាំងស្រុង ២១២​ហិកតា ដំណាំ​រួមផ្សំ​ចំនួន ១៣.១១២​ហិកតា និង​ដំណាំ​ចម្ការ​ចំនួន​១៥​ហិកតា​។ ចំពោះ​ហេ​ដ្ឋា​រចនា​ស​ម្ព័ ន្ធ​វិញ​គឺ​ប៉ះពាល់ ផ្លូវ​ក្រាល​ក្រួស​ក្រហម​ខូចខាត​អស់​ចំនួន ១៦.២២៩​ម៉ែត្រ ទំនប់ទឹក ១៥​កន្លែង ប្រឡាយ​មេ ប្រវែង ២.៣០៣​ម៉ែត្រ ប្រឡាយ​រង ១.១១៦​ម៉ែត្រ និង​ខូចខាត​សំណង់​សិល្បការ ៦​កន្លែង​។​

​ឯកឧត្តម​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​ពី​សុខទុក្ខ ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ជាក់ស្តែង​នៅពេលនេះ​រដ្ឋបាលខេត្ត​ដោយមាន​ការចូលរួម​ពី​មូលនិធិ​សមាគម សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ បាន​នាំយក​ស្បៀងអាហារ​មក​ផ្តល់ជូន​បងប្អូន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ទាន់ពេលវេលា​។ ជាមួយគ្នា​នោះ ឯក​ឧ​ត្ត ម​អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការដាំដុះ​ដំណាំ​ឡើងវិញ ដើម្បី​លើកស្ទួយ​ជីវ​ភា ។ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ដោយ​ក្តីសង្ឃឹម ហើយ​បងប្អូន​ណា​ដែលមាន​ជំងឺ ត្រូវ​ខ្នះខ្នែង​ថែទាំ​សុខភាព និង​ទទួលយក​សេវា​ព្យាបាល​ពី​មណ្ឌល​សុខភាព ឬ​ពី​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត​។ ការរស់នៅ​ត្រូវមាន​អនាម័យ ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ណែនាំ​ដល់​កូន ចៅ​ជាប្រចាំ ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​៕​ដោយ​៖ លឹម សាន្ត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​