អភិបាលរង​ខេត្ត អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព អនាម័យ​ម្ហូបអាហារ​ក្នុង​វិស័យ​ទេសចរណ៍​

AKP បាត់ដំបង ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ថ្ងៃ​៥​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកស្រី សុំ ចិន្តា អភិ​រង​ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព អនាម័យ​ម្ហូបអាហារ​ក្នុង​វិស័យ​ទេសចរណ៍ ការរៀបចំ​កន្លែង​លក់​ឱ្យមាន​អនាម័យ និង​បដិសណ្ឋារកិច្ច​ភ្ញៀវ ដល់​អាជីវករ​លក់ដូរ​តាមផ្លូវ (Food Street) នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ។

​លោកស្រី សុំ ចិន្តា មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ប្រមែប្រមូល​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​អាជីវករ​លក់ដូរ​ម្ហូប​អាហារ​នៅតាម​ដង​វិថី​នានា​ក្នុង​ក្រុង​បាត់ដំបង ដែលជា​អ្នកលក់ និង ផ្តល់​សេវា​ផ្នែក​ម្ហូបអាហារ ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យទទួល​បានការ​បណ្តុះ​បណ្តាល​ជំនាញ ទៅលើ​ការអនុវត្ត វិធាន​សុវត្ថិភាព​អនាម័យ​ម្ហូបអាហារ ការរៀបចំ​កន្លែង​លក់​ឱ្យមាន​អនាម័យ និង​ការធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ឱ្យបាន​ល្អប្រសើរ​។ សំដៅ​ធានាបាន​នូវ​ការរីកចម្រើន​នៃ​អាជីវកម្ម​របស់ខ្លួន ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​សាធារណៈ ការពេញចិត្ត​របស់​ភ្ញៀវទេសចរ ចំពោះ​គុណភាព​ផលិតផល និង​សេវាកម្ម ពិសេស​ផ្នែកអនាម័យ សេវា និង​ធានាបាន​នូវ​កំណើន​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ មក​ទស្សនា​ខេត្តបាត់ដំបង​កាន់តែច្រើន​ឡើង​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ និង​សហការ​ដោយ នាយកដ្ឋាន​គាំពារ​សេវា​ទីក្រុង​ស្អាត និង​ជំរុញ​ការប្រឡងប្រណាំង ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង មន្ទីរ​ទេសចរណ៍​ខេត្ត និង​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​សិក្ខាកាម​ដោយ​មន្ត្រីរាជការ នៃ​មន្ទីរ​ទេសចរណ៍ នរគ​បាល​ទេសចរណ៍ ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​អាជីវ​ករលក់ ដូរ​ម្ហូបអាហារ នៅតាម​ដង​វិថី​នានា​ក្នុង​ក្រុង​បាត់ដំបង សរុប​ចំនួន ៧៣​នាក់ ក្នុងនោះ​ស្ត្រី​មាន ៣៦​នាក់ ៕​ដោយ​៖ ណ​យ នឿន ប្រភព​:​រដ្ឋបាលខេត្ត​បាត់ដំបង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​