ពលរដ្ឋ​ជាង ៤០០​គ្រួសារ នៅ​ស្រុក​កណ្តាលស្ទឹង ទទួល​ពូជស្រូវ​ពី​រដ្ឋបាល​ខេត្តកណ្ដាល​

AKP កណ្ដាល ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៥​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង ឯកឧត្ដម ហួត ប៊ុន​ណា​រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចែក​ស្រូវពូជ ចំនួន ២៥​តោន ដល់​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង នៅ​ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង​៤០០​គ្រួសារ ។​
​លោក ប៊ុន​ទួន ស៊ី​មូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹងថា ទូទាំង​ខេត្តកណ្ដាល ផ្ទៃដី​ស្រូវ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​សរុប​ចំនួន ៣.៤៧២​ហិកតា ក្នុងស្រុក​ចំនួន​៤ លើ​ឃុំ​ចំនួន​២៧​។ ក្នុងនោះ​ស្រុក​កណ្ដាលស្ទឹង ប៉ះពាល់​សរុប​ចំនួន​២.៣២១ ហិកតា ខូចខាត​អស់ ១.០៥៩​ហិកតា លើ​១៨​ឃុំ​។​

​នាឱកាស​នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត បាន​មានប្រសាសន៍ថា ជំនន់​ទឹកភ្លៀង​ខេត្តកណ្ដាល បានធ្វើឱ្យ​ខូចខាត​ផលដំណាំ ផ្លូវជាតិ ផ្លូវលំ​ជនបទ សាលារៀន​​ផ្ទះសម្បែង និង​សំណង់​ធារាសាស្ត្រ​។​ល​។ ឯកឧត្តម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជា​ការពារ និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តកណ្ដាល បាន​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល ដោយ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ រងគ្រោះ​ដោយ​ខ្វះ​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ឡើយ​។​

​ឯកឧត្ដម ហួត ប៊ុន​ណា​រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​សម្តែង​នូវ​ការសោកស្តាយ និង ចូលរួម​ចែករំលែក​ទុក្ខ​ជាមួយ​បងប្អូន​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នៅ​ទូទាំងប្រទេស ។ ជាពិសេស​បងប្អូន​នៅ​ទូទាំង​ខេត្តកណ្ដាល និង​បាន​លើកទឹកចិត្ត ជំរុញ​ឱ្យ​កសិករ​យើង​ត្រូវ​ជម្នះ​គ្រប់​ឧបសគ្គ តស៊ូ ព្យាយាម​ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ឡើងវិញ​បន្ទាប់ពី​ទឹក​ស្រក​ចុះ​៕ ដោយ​៖ ណ​យ នឿន ប្រភព​:​រដ្ឋបាល​ខេត្តកណ្ដាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​