តំបន់ការពារធម្មជាតិទាញចំណូលពីភ្ញៀវទេសចរជាង២៥លានដុល្លារ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៦ ១១ ២០២០


MC: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិ បានចាក់ចូលក្នុងសេដ្ឋកិច្ចនៅ មូលដ្ឋាន ប្រមាណជាង២៥,២១លានដុល្លារអាមេរិក(២៥លាន២សែន១ម៉ឺនដុល្លារអាមេរិក)។
ឯកឧត្តម បញ្ជាក់ថា ចំណូលទាំងនេះ បានទទួលពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៥៣ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ជាង៥២ម៉ឺននាក់ ដែលចូលទៅទទួលយកសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ បាននិងកំពុងនាំយកនូវ ចំណូលថវិការាប់លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តម បន្តថា ចំនួនភ្ញៀវទេសចរដែលទៅកម្សាន្ត នៅតំបន់ទេសភាពនៃតំបន់ការពារធម្មជាតិឆ្នាំនេះកើនឡើង ដោយកាលពីឆ្នាំទៅ គឺមានតែជាង៤០ម៉ឺននាក់ ជាមួយចំណូលតែជាង១៨,៩០លានដុល្លារប៉ុណ្ណោះ(១៨លាន៩សែនដុល្លារ)។
បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិក្នុងពេលបច្ចុប្បន្នមានចំនួន២២ គ្របដណ្តប់លើផ្ទៃដីទំហំ៣ម៉ឺន៥ពាន់ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន៨រួមមាន៖ ខេត្តរតនគិរី កំពង់ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និង ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពល ទេសចរណ៍ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាបង្កើនការចូលរួម អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ និង ជីវៈចម្រុះ។
សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិ ដូចជានៅក្នុងខេត្តមណ្ឌលគិរី ក៏មានរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជានៅសហគមន៍ទេសចរណ៍ធម្មជាតិ រលាក់កងជើង(ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, សហគមន៍ផាត់សណ្ដាយ ខេត្ដកំពង់ធំ, សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និង តំបន់បឹងស្នេហ៍ ខេត្តព្រៃវែង, តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី, តំបន់ទេសចរណ៍ធម្មជាតិច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ និង នៅជីផាតខេត្តកោះកុង ជាដើម៕