ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បណ្តុះបណ្តាលការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារក្នុងវិស័យទេសចរណ៍ ដល់អាជីវករលក់ដូរនៅតាមផ្លូវ

AKP បាត់ដំបង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០​ — ក្រសួងទេសចរណ៍បានសហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងដោយមាន​ការ​ចូលរួមឧប្ថមគាំទ្រពីក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការ​អនុ​វត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ ការរៀបចំកន្លែង​លក់​ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករលក់ដូរនៅតាមផ្លូវ ដើម្បីផ្ដល់​នូវ​ចំណេះដឹងក៏ដូចជាការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេស​ចរណ៍។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមាន​ការចូលរួមពីលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត នៃក្រសួងទេស​ចរណ៍ លោកស្រី សុំ ចិន្តា អភិបាលរង ខេត្តបាត់ដំបង លោក រស់ សោភា នាយកផ្នែក​ច្បាប់ និងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា មន្រ្តីជំនាញ មន្ទីរ​អង្គភាពពាក់ ព័ន្ធ​ក្នុងខេត្ត អាជីវករលក់ម្ហូបអាហារនៅតាមផ្លូវ ផងដែរ។

លោក ហ៊ួត រិទ្ធី បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងក្នុងគោលដៅ​ចង់បញ្ជាក់អំពីអ្វីដែលពាក់ព័ន្ធលើម្ហូបអាហាររបស់អាជីវករលក់ដូរប្រចាំថ្ងៃនៅតាមដងផ្លូវ។ លោកបានបន្ដថា មន្រ្តីជំនាញផ្សេងទៀត បានធ្វើការពន្យល់បន្ថែម ដែលមានសារៈ​ប្រយោជន៍​សំខាន់ៗ កាន់តែច្បាស់សម្រាប់ជាមេរៀនផង បទពិសោធន៍ដល់អាជីវករ​ជា​ចុង​ភៅបានយកចំណេះដឹងទាំងយកទៅអនុវត្តន៍ជាក់ស្តែងផងដែរ។

លោក ហ៊ួត រិទ្ធី បានថ្លែងអំណរគុណដល់អាជីវករទាំងអស់​ដែលបានចំណាយពេល​វេលាដ៏មានតម្លៃបានមកទទួលវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដើម្បីយកទៅអនុវត្តន៍លើ​អាជីវកម្ម​របស់ខ្លួនប្រកបដោយ​អនាម័យល្អ ទីក្រុងស្អាត ក្នុងវិស័យទេសចរណ៍​ការអនុវត្ត​វិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ ការរៀបចំកន្លែងលក់ឱ្យ​មាន​អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវទេសចរទូទៅបានចូលមកពិសារម្ហូប​អាហារដោយមាន​ទំនុកចិត្តខ្ពស់។

លោកឱសថការី ហាស់ អសនី ប្រធានការិយាល័យនីតិកម្មសុខាភិបាល នៃ​មន្ទីរ​សុខាភិបាលខេត្តបាត់ដំបង បានធ្វើបទបង្ហាញនៅលើស្លាយដោយបានពន្យល់លម្អិត ដល់​អាជីវករ និងមន្រ្តីពាក់ព័ន្ធឱ្យបានដឹង និងបានយល់ច្បាស់ពីការចម្អិនម្ហូបអាហារ ប្រកប​ដោយអនាម័យស្អាត ផាសុខភាពខ្ពស់ ដោយប្រុងប្រយ័ត្នបំផុត ដោយត្រូវពាក់ពួកចុងភៅ ពាក់ម៉ាស់ជាប្រចាំ ទាំងខ្លួនជាអ្នកចម្អិនម្ហូបអាហារ និងជាអាជីវករលក់ជូនភ្ញៀវទូទៅ។ ទន្ទឹមនេះ ចំពោះអ្នកលក់ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្ញៀវទូទៅផង ព្រោះយើង​មិនអាចធ្វេសប្រហែស និងមិនអាចមើលឃើញនឹងភ្នែកទទេថា អ្នកណាមានផ្ទុកជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតនោះឡើយ។ លោកឱសថការីបានបន្តថា អ្វីដែលមានប្រសិទ្ធភាព ល្អសុវត្ថិភាពល្អនោះ អនុវត្តន៍តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន​សុវត្ថិភាពទេសចរណ៍ នៅលើម្ហូបអាហារនេះឯង។ លើសពីនេះទៀត ត្រូវនាំគ្នាអនុវត្តន៍​វិធាន​សុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ការរៀបចំកន្លែងលក់ឱ្យ​អនាម័យ​ល្អគ្រប់ពេលវេលា។

លោក រស់ សោភា បានឱ្យដឹងដែរថា ក្រុមហ៊ុនកូកា-កូឡា តែងតែបានចូលរួម​សហការលើគ្រប់វិស័យជាមួយអង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន លើកិច្ចការមនុស្សធម៌ក្នុង​សង្គម​ជាច្រើន ទូទាំងប្រទេសកម្ពុជា ពិសេសសម្រាប់គ្រោះទឹកជំនន់ថ្មីៗនេះ ដោយមាន​ការគាំទ្រជាច្រើនពីអតិថិជន ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមហ៊ុនបានឧត្ថមដល់​អាជីវករ​លក់ដូរជាអ្នកចូលទាំងអស់ម្នាក់ៗ ទទួលបានទឹកក្រូចកូកា-កូឡា ចំនួន ៣កេស ផងដែរ។

លោកស្រី សុំ ចិន្តា ណែនាំដល់អាជីវករលក់ម្ហូបអាហារទាំងអស់ ដែលបានទទួល​វគ្គបណ្តុះបណ្តាលចំណេះដឹងទាំងនេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងធានា​សុវត្ថិ​ភាព​លើការលក់ម្ហូបអាហារ ឱ្យមានអនាម័យស្អាត រួមផ្សំនឹងទីក្រុងស្អាតផងនោះ ដើម្បី​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកស្នាក់នៅ ឬដំណើរឆ្លងកាត់ខេត្ត​បាត់ដំបង ជាដើម។ លោកស្រីអភិបាលរងខេត្ដ​បានកោតសសើរដល់មន្រ្តីជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែលតែងបានសហការគ្នា និងរួមចំណែកអភិវឌ្ឍន៍ចំណេះដឹងលើគ្រប់វិស័យជូនប្រជាពលរដ្ឋ ឱ្យមានចំណេះដឹងច្រើន សម្រាប់ប្រកបរបររបស់ខ្លួនកាន់តែល្អ មានការ​ទទួល​ស្គាល់ពីគ្រប់មជ្ឈដ្ឋាន ធ្វើឱ្យភ្ញៀវចូលចិត្តមកទទួលទានជាប្រចាំរកកចំណូល​បាន​ខ្ពស់ មានជីវភាពធូរធា កាត់បន្ថយការលំបាក និងបំបាត់ភាពក្រីក្រនាពេល​អនាគត​។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ដបានលើកទឹកចិត្ដដល់អាជីវករ​លក់​ដូរ​ទូទៅ គួរប្រើសម្តីសមរម្យ សុភាពទន់ភ្លន់មានការរាក់ទាក់ ដល់ភ្ញៀវដែលបានចូល​កន្លែង​របស់គាត់ លក់ក្នុងតម្លៃថោកសមរម្យមានអនាម័យស្តង់ដារគុណភាពខ្ពស់ និងសូមឱ្យបាន​ស្អាតជាប្រចាំថ្ងៃផងដែរ៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ក្រសួងទេសចរណ៍