ឯកឧត្តមអភិបាលខេត្តប៉ៃលិនជំរុញឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក្រោយទឹកជំនន់ស្រក

វិទ្យុជាតិកម្ពុជា៖ ញ៉ឹប បូរី

ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណ: អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ បន្ទាប់ពីរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។
ក្នុងពិធីសំណេះសំណាល និងចែកសម្ភារតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិដីក្រហម សង្កាត់អូរ តាវ៉ៅ ក្រុងប៉ៃលិន ឯកឧត្តមអភិបាលខេត្ត បានមានប្រសា សន៍ថា ដើម្បីសម្រេចគោល ដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវកាល និងតម្រូវការទីផ្សារផងដែរ ។ កសិករត្រូវតែមានឆន្ទៈចិញ្ចឹម និងថែទាំឱ្យបានត្រឹមត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ។
ឯកឧត្តម ផាន់ ចាន់ធុល ក៏ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតមានជំងឺ ដម្កាត់ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើត ឡើងក្នុងមូលដ្ឋាន ត្រូវរាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបង ប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ឯកឧត្តម ចាន់ សុវឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា ការផ្តល់សម្ភារតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដល់កសិករបណ្តុំអាជីវ កម្មវារីវប្បកម្មតាមបណ្តាខេត្តនានា ក៏ដូចជាខេត្តប៉ៃលិននាពេលនេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេក ទេស ធនធាន ថវិកា សម្ភារដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងជួបបញ្ហាអំឡុងពេលជម្ងឺកូវីដ-១៩ នឹងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងកន្លងមក ឱ្យពួកគាត់មានមុខរបរនិងការងារ ដើម្បីបង្កើន ផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់និងទាន់ពេលវេលា។
ឯកឧត្តមបន្តថា រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជា ផ្នែកមួយយ៉ាងសំខាន់ ដើម្បីស្តារខឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើន ព្រោះថាប្រទេសយើងជាប្រទេសដែល មានសក្តានុពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង ៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលនានា ដែលមានស្រាប់ ទៅតាមជំនាញរៀងៗខ្លួន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។
លោក ផាយ សុផាតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថា អំណោយរបស់រាជរដ្ឋាភិបាល បានផ្តល់អោយប្រជាកសិករ ក្នុងអំឡុង ពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ មានចំនួន ៤២ គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន កូនត្រី និងកង្កែប ចំនួន ៧០០ក្បាល តង់ប្លាស្ទិកចិញ្ចឹមត្រី ១ ចំណីត្រី ៤ បេ និងវិតាមីន ៣កញ្ចប់ផងដែរ៕