ឯកឧត្ដម ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបាន ត្រៀមលក្ខណៈរួចរាល់ហើយលើកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃពិធីបុណ្យនេះ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ យើងបានគិតគូរ និងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើតឡើង នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏យើងនៅតែបង្ការទប់ស្កាត់ចំពោះឧបាយកល របស់ជន អគតិមួយចំនួនក្នុងការបំផ្លាញនូវពិធីបុណ្យឯករាជ្យជាតិនេះ។ ក្រៅពីមាន វិធាន ការម៉ឺងម៉ាត់ទៅលើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីនេះ ឯកឧត្តម ឃួង ស្រេង ក៏ បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំសម្អាត លាងផ្លូវ លាបកំបោរនៅតាមដើមឈើជាមួយនឹងការសម្អាតបរិស្ថាននៅ ជុំវិញកន្លែងពិធីផងដែរ។

លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានី ភ្នំពេញក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងផងដែរ ជុំវិញវិធានការចំពោះមុខ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ ធ្នាប់នៅក្នុងពិធីបុណ្យនេះ។ លោកបញ្ជាក់ថា ជុំវិញកន្លែងប្រារព្ធពិធីនេះ ផ្លូវមួយចំនួនយើងត្រូវការបិទជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យ ធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ហើយការងារនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៧ វិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា។

ជាមួយនេះដែរ យើងក៏មានដាក់គោលដៅ ដើម្បីឆែកឆេរអាវុធជាតិផ្ទុះ នៅច្រកចេញ ចូលរាជធានីភ្នំពេញ និងដាក់គោលដៅឆែកឆេរអាវុធនៅតាមបណ្ដាខណ្ឌ ពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធពិធីនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យឯក រាជ្យជាតិ០៩វិច្ឆិកាដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ៕

ដោយ សួស សំរិត