រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ស្ថិត​ក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ជាពិសេស​លើវិស័យកម្មសិទ្ធិបញ្ញា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​រវាងកម្ពុជា និងសិង្ហបុរី ស្ថិតនៅ​ក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ជាពិសេស​ផ្នែកឧស្សាហ​កម្ម​ និងលើវិស័យកម្មសិទ្ធិបញ្ញាទាក់ទងនឹងកិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកប្រកាសនីយ​បត្រ​តក្ក​កម្ម (Patent Cooperation) ដែលជាជំហ៊ានដំបូង អាចឱ្យ​កម្ពុជាទទួលការចាប់​អារម្មណ៍ពី​បណ្តា​​ប្រទេសធំៗជាបន្តបន្ទាប់។ ការលើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតនេះ ក្នុង​ជំនួបជាមួយឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បី​សម្តែង​ការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានបញ្ចប់អាណត្តិការទូត រយៈពេល០៤ ឆ្នាំ នៅកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​ឧស្សាហកម្ម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និង វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Tan Keng Siong នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះទំនាក់​ទំនងជាមួយក្រសួងឧស្សាហកម្ម ជាពិសេស​លើវិស័យកម្មសិទ្ធិបញ្ញា ទាក់ទងកិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation) អាចឱ្យ​កម្ពុជាទទួលការចាប់អារម្មណ៍ពីបណ្តា​ប្រទេសធំៗ​ជាបន្ត​បន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់​គ្នារួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េ សហគមន៍អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ។

ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលទើប​ចប់អាណត្តិបានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះការបំពេញបេសកកម្មកាទូត​ដ៏ជោគជ័យ​នៅកម្ពុជា និងលទ្ធផលផ្លែផ្កានៃទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះការប្តូរ​ឈ្មោះ​ក្រសួងឧស្សាហកម្ម ដោយបានបន្ថែមមុខងារនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុងនោះ ដែលជាវិស័យដ៏មានសារៈសំខាន់ ក្នុងបរិបទនៃបដិវត្តន៍​ឧស្សាហ​កម្ម​ជំនាន់ទី៤។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម សេដ្ឋកិច្ចនៃ​ប្រទេសទាំងពីរ​កម្ពុជា និងសិង្ហបុរី កំពុងមានដំណើរការល្អប្រសើរ បើទោះបីកំពុង​ជួប​វិបត្តិកូវីដ១៩ ក៏ដោយ ព្រមទាំង​បាន​បង្ហាញនូវជំហរសហការគាំទ្រ និងជំរុញការអភិវឌ្ឍ​បន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបញ្ចូល​ថ្មីរបស់ក្រសួង៕

ដោយ ឡុង ស៊ីវ៉ាន់