រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិត ផលក្លែងក្លាយខុសច្បាប់ គឺបញ្ចៀសបាននូវហានិភ័យនានាដល់សង្គម

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០
ដើម្បីបម្រើប្រយោជន៍រួមក្នុងការការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំង បញ្ចៀសនូវហានិភ័យនានាសម្រាប់សង្គមជាតិ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ ។

យោងតាមបណ្តាញសង្គមរបស់ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីយុត្តិធម៌ បានថ្លែងក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅដែលមានចំនួន សរុបជាង៥៤០តោន នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានចាក់សំរាម ក្នុង ខណ្ឌដង្កោ បានគូសបញ្ជាក់ថា បញ្ហាឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាព មួយដ៏សំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា “ការរួមគ្នាពីមន្រ្តីអនុវត្តន៍ច្បាប់ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធ ប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួមក្នុងការការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបញ្ចៀសនូវហានិភ័យនានា ដែលបង្កឡើងដោយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ សម្រាប់សង្គមជាតិ “។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការផលិត, ការនាំចេញ, ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺជាបទល្មើសមួយដែលមានលក្ខណៈធ្ងន់ធ្ងរ។ ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោលនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់, មន្រ្តីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោស ជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយផលិតផល ឱ្យបានតឹងរឹង និងឱ្យបានត្រឹមត្រូវតាមប្រភេទនៃបទល្មើសដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងដើម្បីកុំឱ្យបញ្ហានេះចេះតែកើតមាន និងរីករាលដាលឡើងបន្តទៀត។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, អាជ្ញាធរដែនដី, មន្រ្តីនគរបាលយុត្តិធម៌ រួមទាំងស្ថាប័នតុលាការ និងស្ថាប័ន អនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានកោតសរសើរ ចំពោះការចូលរួមសហការយ៉ាងល្អប្រសើរពីប្រជាពលរដ្ឋ, សង្គមស៊ីវិល និងវិស័យឯកជនផងដែរ៕ ដោយ ប៊ុនរិទ្ធ