រដ្ឋបាលស្រុកក្រូចឆ្មា បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ ក្រុង/ ស្រុក ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់ថ្នាក់មូលដ្ឋាន

 

វិទ្យុជាតិកម្ពុជា៖

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ  បានអញ្ជើញជាអធិបតី បើកអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលថ្នាក់ក្រុង/ស្រុក នៅសាលាស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួម ពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មមុខងារសិទ្ធអំណាចធនធានហិរញ្ញវត្ថុទ្រព្យសម្បត្តិ និងបុគ្គលិកទៅឲ្យរដ្ឋបាលក្រុង-ស្រុកអនុវត្តក្នុងនាមរាជរដ្ឋាភិបាល។ រដ្ឋបាលខេត្ត មានតួនាទីភារកិច្ចដឹកនាំណែនាំសម្របសម្រួលគាំទ្រ តាមដានត្រួតពិនិត្យនិងវាយតម្លៃរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាឲ្យរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងាររបស់ខ្លួន ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

សិក្ខាសាលានេះ គឺដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាព ស្នើឡើងដោយឃុំសង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និង អង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ។ 

លោក​ ហាក់ សុខមករា បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុក ឃុំ ដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន។

លោក​ បានថ្លែងអំណរគុណចំពោះមន្ទីរ/អង្គភាពពាក់ព័ន្ធ អង្គការ និងសប្បុរសជនទាំងអស់ ដែលបានសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ឃុំ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាល

នៃការធ្វើសមាហរណកម្មនាពេលនេះ ។

ជាមួយគ្នានេះ លោក​ ហាក់ សុខមករា អភិបាលរងខេត្ត ផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តន៍ថវិកាឲ្យបានត្រឹមត្រូវនិងច្បាស់លាស់នៃថវិកាវិនិយោគរំកិល ៣ឆ្នាំនេះ ហើយរាល់បញ្ហាផ្សេងៗត្រូវចូលរួមដោះស្រាយទាំងអស់គ្នាឲ្យបានទាន់ពេលវេលា៕