របរដាំខ្ទឹមសន្លឹករបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងកំពុងមានទីផ្សារល្អ

វិទ្យុជាតិកម្ពុជា ៖ ស្រីផល


MC៖ របរដាំខ្ទឹមសន្លឹករបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងកំពុងមានទីផ្សារល្អដោយអាចរកចំណូលបន្ថែម ពីការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកស្រី ឈិន កញ្ញា មន្រ្តីសម្រប សម្រួលការដាំខ្ទឹមនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ស្រុករលាផ្អៀរ ខេត្តកំពង់ ឆ្នាំង បានប្រកបរបរដាំខ្ទឹមសន្លឹកបន្ថែម ក្រៅពីការធ្វើស្រែចម្ការ ដោយសារតែពេលនេះ ខ្ទឹមសន្លឹកកំពុងតែមានទីផ្សារល្អ។ លោកស្រីបានបន្តថា ប្រជាកសិករប្រមាណជាង៩០ភាគរយ បានប្រកបរបរដាំខ្ទឹមសន្លឹកនេះ ដោយសារតែវាងាយដាំ ងាយថែទាំ ព្រមទាំងលក់បានក្នុងតម្លៃសមរម្យ ដោយក្នុងមួយគីឡូក្រាម អាចលក់បានចាប់ពី៨០០០រៀលទៅ១០០០០ រៀល ។
លោកស្រីបានបន្តទៀតថា មន្ទីរក៏បានចុះណែនាំ និងផ្តល់បច្ចេកទេសដល់កសិ ករ ក្នុងការដាំដុះខ្ទឹមសន្លឹកនេះ ដោយធ្វើយ៉ាងណាជំរុញឱ្យកសិករ អនុវត្តទៅតាមបច្ចេកទេស ដើម្បីឱ្យឆាប់ទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។
លោកស្រីមានប្រសាសន៍ថា «ដំណាំខ្ទឹមនេះ សមាជិករបស់បណ្តុំអាជីវកម្មដាំបន្លែនៅភូមិត្រពាំងក្រពើ ឃុំទឹកហូតនេះ ពីមុនមកខ្ទឹមគាត់គឺមានតម្លៃទាបទេ ដោយសារ តែគាត់ដាំជាទម្លាប់។ ប៉ុន្តែបច្ចុប្បន្ន ដោយ សារតែគាត់យល់ច្បាស់ ពីបច្ចេកទេសក្នុងការដាំដុះ ដោយសារតែមន្ទីរបានចងក្រងពួកគាត់ជាបណ្តុំ ដោយលក់ទៅលើទីផ្សារដោយមានកិច្ចសន្យា។ ដូច្នេះធ្វើឱ្យតម្លៃខ្ទឹម វាមានតម្លៃមួយគឺតម្លៃសមស្របនិង អាចខ្ពស់។ ទន្ទឹមនឹងនោះដែរ គួបផ្សំនឹង កសិករយើង គាត់មានបច្ចេកទេសក្នុងការដាំ ហើយគាត់បានទិន្នផលច្រើន ធ្វើឱ្យ ប្រាក់ចំណូលគាត់មានការកើនឡើង។
លោកស្រីបានបញ្ជាក់ថា ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងនេះ បានប្រែក្លាយដីធ្វើ ស្រែចម្ការ ទៅជាចម្ការដាំខ្ទឹមសន្លឹក ដែលក្នុងមួយឆ្នាំប្រជាកសិករអាចដាំបានចំនួន ៤លើក ដោយក្នុង១លើកៗ អាចទទួលបានប្រាក់ចំណូលពី១០ទៅ១៥លានរៀល ទៅតាមទំហំដី និងស្ថានភាពចម្ការរបស់ប្រជាកសិករ”។
សូមបញ្ជាក់ថា ក្រៅពីមុខរបរដាំដើមខ្ទឹមនេះ ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងក្រពើ នៅបានដាំដុះបន្លែផ្សេងៗទៀតផងដែរ ទៅតាមចំណង់ចំណូលចិត្តដូចជា ដំណាំស្ពៃគ្រប់ប្រភេទ ជី ម្អម និងដើម ភ្លៅកង្កែប ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ៕