អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០ ចំណូលពីការផ្តល់សេវាកម្ម​ទេសចរណ៍​ធម្មជាតិក្នុងសហគមន៍ និងតំបន់ការពារធម្មជាតិ មានជាង២៥,២១លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍​ធម្មជាតិ​នៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំបន់ការពារធម្មជាតិ ១២ កន្លែង ស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានប៉ាន់ស្មានថា បានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥,២១ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦ ៥៤៥ នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩ ១៦០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧ ៣៨៥ នាក់)។

ឯកឧត្ដម នេត្រ ភក្ដ្រា បាន​លើកឡើងឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការផ្តល់​សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ​បាន​និង​កំពុងនាំយកនូវ​ចំណូលថវិការាប់លានដុល្លារអាម៉េរិក ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វ​ផ្សាយ ពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមានដល់ពលរដ្ឋរបស់​ខ្លួននិងទេសចរ​បរទេសក៏ដូចជាបានចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាន ធនធានធម្មជាតិ​ដល់សាធារណជនផងដែរ។ ឯកឧត្ដមបានបន្ដថា ចំនួនភ្ញៀវទេសចរដើរ​កម្សាន្ត​នៅតាម​តំបន់ ទេសចរណ៍ធម្មជាតិនានាក្នុងតំបន់អភិរក្ស​និងការពារដោយក្រសួង​បរិស្ថាននៅ​ឆ្នាំ២០២០នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ និង២០១៩។ នៅឆ្នាំ២០១៨ មាន​ភ្ញៀវទេសចរ សរុប ចំនួន ៣៤៣ ៨៥២ នាក់ ហើយទទួលចំណូលបាន ១៦,១៦លាន​ដុល្លារអាម៉េរិក។ ចំណែកនៅឆ្នាំ២០១៩ កន្លងទៅបានទទួល ភ្ញៀវទេសចរ​ចំនួន ៤០២ ២៩៣ នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០ លានដុល្លារអាម៉េរិក​ ចាក់​ចូល​ក្នុង​សេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបន្ដថា “ការអភិវឌ្ឍទេសចរណ៍​ធម្ម​ជាតិ​គឺជា​យុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើស​ថ្មីមុខរបរ​ថ្មីជូនប្រជាសហគមន៍ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ ល្បិចកលការញុះញង់របស់ក្រុម​ជនខិល​ខូចមួយ​ចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់”។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការ ការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងទៀត​ឱ្យ​បានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះគឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាល មានចំណេះដឹង និង​ចូល​រួម​ទទួលខុសត្រូវលើការងារការពារ និងអភិរក្ស ហើយទទួលបានផលប្រយោជន៍ពី​កិច្ច​ការ​អភិរក្សនេះ។ ទន្ទឹមនេះ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស​និង​មធ្យោ​បាយ​​ដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។

បើតាមការឱ្យដឹងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់បន្ថែមថា សហគមន៍​ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន ២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥ ០០៣ ហិកតា​ក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន០៨ រួមមាន ខេត្ដរតនគិរី កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និងកំពង់ឆ្នាំង។ ឯកឧត្ដម​បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួន​ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធាន ធម្មជាតិនិង ជីវៈចម្រុះ។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា បច្ចុប្បន្ន គោលនយោបាយនេះ​បាន ក្លាយជាការពិតហើយបាននិងកំពុងតែអនុវត្តន៍ និងផ្តល់ផ្លែផ្កា ខណៈក្រសួង​ស្ថាប័នពាក់​ព័ន្ធ​បាននិងកំពុងជំរុញ ព្រមទាំងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិ ក្នុង ខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិង​កំពុង​ទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់​ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យាន​ជាតិវីរៈ​ជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ តំបន់ជីផាតនៅ​ខេត្តកោះកុងជាដើម។

ជាមួយនឹងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ និងតំបន់ការពារធម្មជាតិទាំងនេះ ក្រសួង​បរិស្ថានក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ​ទៅ​ទស្សនាតំបន់​ទេស​ចរណ៍ធម្ម​ជាតិ​ទាំងនោះ សូមចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុក​ដាក់សំរាម​ឱ្យ​បានត្រឹមត្រូវ ចៀសវាងការបោះសំណល់ពាសវាល ពាសកាលដែលធ្វើឱ្យ​ខូចសោភណ​ភាព និងទេស​ភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កាត់ធ្ងន់ថា “ការអញ្ជើញ មកទស្សនាកម្សាន្ត​នៅតាម​សហគមន៍ទេសចរណ៍ធម្មជាតិនានា នឹងជួយគាំទ្រដល់ការងារអភិរក្ស បង្កើតសេដ្ឋកិច្ចនៅ មូលដ្ឋានបង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍ និងផ្តល់ចំណូលសម្រាប់ជីវភាព របស់ពលរដ្ឋ ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចជាតិផងដែរ”។ ឯកឧត្តមរដ្ឋលេខាធិការក៏បាន​ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍ​ទេសចរណ៍​ធម្ម​ជាតិនេះ និងអរគុណដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេស​ចរណ៍​ធម្មជាតិនានា៕

ដោយ រិទ្ធី