ឯកឧត្ដម ហឿ ស៊ីយ៉ែម អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

​ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅក្រុងក្រចេះ នៅព្រឹកថ្ងៃព្រហស្បតិ៍៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តដែលធ្វើឡើងនៅ ក្រុងក្រចេះពេលនោះក៏មានកាចូលរួមលោកស្រី ខាំ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តនិងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងអង្គការ សង្គមស៊ីវិលនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

​លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ មានគោលបំណង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ បានឈ្វេងយល់ពីស្ថានភាពទូ ទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក។

លោកស្រីអភិបាលរងខេត្តបញ្ជាក់ថា វេទិ កានេះនឹងផ្តល់នូវឱកាសផងដែរសម្រាប់ បងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួនដែលពាក់ព័ន្ធ នឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមាន សមត្ថកិច្ចដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការនិងសំណូមពរដែលបានលើកឡើង។

ឯកឧត្តម ហឿ សុយ៉ែម ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានបង្ហាញនូវតួនាទីក្រុម ប្រឹក្សាព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈ ១០ខែកន្លងមកនេះ ការអនុវត្តសកម្មភាពក្នុង រយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋជាម្ចាស់ ឆ្នោត ជាពិសេសចង់ដឹងពីបញ្ហាប្រឈម ក្តីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងក្រុងក្រចេះ និងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដែលចូលរួមបានបញ្ចេញមតិកង្វល់ សំណូមពរ និងបញ្ហា ប្រឈមនានាដើម្បីអាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចជួយដោះស្រាយ។

​ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តក្រចេះបានឱ្យដឹងថា អនុវត្តន៍តាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ស្តីពីតួនាទីភារកិច្ចនិងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វ ផ្សាយនិងពិគ្រោះយោបល់ នៅតាមក្រុង ស្រុក ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ។ ដូចគ្នានោះដែរ ក្រុមប្រឹក្សាក្រុង ស្រុក ក៏ត្រូវរៀបចំវេទិ កាផ្សព្វផ្សាយនិងពិគ្រោះយោបល់ នៅតាមឃុំ សង្កាត់នានា ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ផងដែរ៕ ដោយ ជួន សុជាតិ