ផ្លូវថ្នល់រងការខូតខាត ដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបានជួសជុល

​AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

​មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ផ្លូវលំជនបទ និងផ្លូវខេត្តចំនួន៨១៨កន្លែង ស្មើនឹងប្រវែងប្រមាណ៦៤៨គីឡូម៉ែត្រ ដែលទទួលរងការ ខូចខាតដោយសារតែជំនន់ទឹកភ្លៀង បានវាយប្រហារបំផ្លាញកាលពីខែតុលាកន្លងមកនេះ ឥឡូវនេះ ត្រូវ​ក្រុមជំនាញបានកំពុងធ្វើការជួសជុលជាបន្ទាន់ ដើម្បីធ្វើឱ្យប្រសើរឡើងវិញ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឆ្លងកាត់និងដឹកទំនិញនោះ។ ​

​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឱ្យដឹង​នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា​ បន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានី ដែលរងគ្រោះដោយទឹកជំនន់​នេះ។ រាល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងផ្លូវថ្នល់សុទ្ធ តែទទួលផលប៉ះពាល់ហើយធ្ងន់ធ្ងរជាងគេដូច្នេះត្រូវតែជួសជុលស្តារឡើង​វិញ ក្រោយទឹក ស្រកតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា។
​លោកបានប្រាប់ឱ្យដឹងទៀតថា ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ផ្លូវជនបទខេត្ត មានចំនួន២០៦៧ខ្សែមានប្រវែងសរុប២៩២៥គីឡូម៉ែត្រ។ ក្នុងចំនួនផ្លូវទាំងនេះទឹកជំនន់ បានគ្រប់គ្រង និងវាយប្រហារអស់ចំនួន៩១៨កន្លែងស្មើនឹង ប្រវែងប្រមាណ៦៤៨គីឡូម៉ែត្រ។

លោកបានអះអាងថាចំពោះផ្លូវដែលរងការខូចខាតទាំងនេះមន្ទីរជំនាញក៏បានធ្វើការជួសជុលតភ្ជាប់បានមួយចំនួនហើយដែរនៅឡើយតែផ្លូវលំជនបទដែលបាន និងគ្រប់គ្រងដោយទឹក ជំនន់ប៉ុណ្ណោះ​ដែលមិនអាចធ្វើការជួសជុលបានដោយរងចាំទឹក​សម្រកទៅវិញសិន។

​ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានឱ្យដឹងបន្ថែមទៀតថា យោង តាមបញ្ជា និងការណែនាំរបស់​ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវតែធ្វើការពន្លឿនជួសជុល និងស្តារឡើងវិញ តែសុំឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់និងអធ្យាស្រ័យព្រោះក្រសួង និងមន្ទីរសុំ ធ្វើការជួសជុលតភ្ជាប់ចំពោះផ្លូវអាទិភាពមួយចំនួនជាមុនសិន ដើម្បីសម្រួលឱ្យបងប្អូន បានធ្វើដំណើរនិងដឹក​ជញ្ជូនកសិផលទៅកាន់ទីផ្សារ ហើយពិសេសជាងនេះទៀតនោះ គឺប្អូនៗក្មួយៗសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនបងប្អូនឈឺថ្កាត់ យប់ព្រលប់ អាច ទៅមន្ទីរពេទ្យបានទាន់ពេល​វេលានោះ៕ ដោយឈុនសារ៉ាត