អង្គការចក្ខុវិស័យកម្ពុជា បានផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងចំនួន១១៧គ្រួសារនៅស្រុកស្វាលើ ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុង ជួបការលំបាកដោយការរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង អង្គការចក្ខុវិស័យកម្ពុជា និងមូលនិធិ ASEA Advancing Life Foundation រួមជាមួយរ៉ូតារីក្លិប នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ ទឹកត្រី ត្រីខ មី អំបិល ស្ករស និងទឹកដោះគោខាប់ ទៅចែកជូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារ នៅក្នុងស្រុក ស្វាយលើ ខេត្តសៀមរាប។

លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានថ្លែងថា អង្គការចក្ខុ វិស័យកម្ពុជាបាបង្កើតឡើងក្នុងឆ្នាំ២០១៣ គឺដើមី្បបម្រើការងារមនុស្សធម៌នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកសកម្មភាពរបស់អង្គការ បានធ្វើសកម្មភាព នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទៅលើវិស័យទឹកស្អាត សាលារៀន បន្ទប់ទឹកអនាម័យនៅតាមមន្ទីរពេទ្យ ការឧបត្ថម្ភអ្នកសម្រាលកូនខ្វះខាតសម្រាកនៅតាម មណ្ឌលសុខភាព និងការផ្តល់នូវស្បៀងអាហារដល់គ្រួសារក្រីក្រនៅតាមឡឥដ្ឋ និងងាយរង គ្រោះទៀតផង។

ជាក់ស្តែង នៅពេលនេះអង្គការរបស់លោក និងមូលនិធិជាដៃគូ បាននាំ យកស្បៀងអាហារមកផ្តល់ជូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ ដែល កំពុងតែជួបការលំបាកខ្វះខាតនូវស្បៀងអាហារដោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ នេះជាវប្បធម៌ចែករំលែកក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការចក្ខុវិស័យកម្ពុជា និង ASEA Advancing Life Foundation និងរ៉ូតារីក្លិប ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើងបាន និងកំពុងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ។
ជាមួយគ្នានេះលោកអភិបាលរងក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗរបស់ខ្លួន ដោយកុមារតូចៗនេះហើយងាយរងនូវ គ្រោះថ្នាក់ផ្សេងៗ ជាពិសេសត្រូវរក្សាសុខភាពឱ្យបានល្អ៕ ដោយ ឃុត សៅ