ក្រសួងយុត្តិធម៌មិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយឡើយ

 

វិទ្យុជាតិកម្ពុជា លោក ជួន បូណា

 ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាន

ប្រកាសមិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយនៅកម្ពុជាឡើយ ដើម្បីកុំឱ្យបញ្ហានេះចេះតែកើតមានរីករាលដាលនៅក្នុងប្រទេសបន្តទៀត។ 

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានណែនាំឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលបាននាំចូល និងអ្នកចែកចាយផលិតផលក្លែងក្លាយឱ្យបានតឹងរុឹងនិងត្រឹមត្រូវតាមប្រភេទនៃបទល្មើសដែលកំណត់ក្នុងច្បាប់ ។ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាផ្សេងៗ ដើម្បីធានាការពារសុខមាលភាពរបស់ប្រជាជនកម្ពុជា។

 ក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែល

មានចំនួនសរុបជាង ៥៤០តោននា ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធបានបញ្ជាក់ថា ការផលិត ការនាំចេញនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ គឺជាបទល្មើសមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែចាត់វិធានការឱ្យទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់  និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរហូតដល់ទទួលបានលទ្ធផលល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់៕