ការងារជួសជុលទំនប់សណ្តស្ទឹងព្រែកត្នោត នឹងរួចរាល់នៅសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ


ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ការងារជួស ជុលទំនប់សណ្តស្ទឹងព្រែកត្នោត នឹងរួច រាល់នៅសប្តាហ៍ក្រោយ បន្ទាប់ពីរងការ ខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ដំណើរការជួសជុលស្ដារឡើងវិញ បន្ទាន់នូវទំនប់សណ្ដស្ទឹងព្រែកត្នោតនេះ បានចាប់ផ្ដើមកាលពីសប្ដាហ៍មុន ដោយ មានកិច្ចសហការគាំទ្រជាសម្ភារបច្ចេក ទេសនិងថវិកា ពីក្រុមហ៊ុនសាងសង់ Guangdong Foreign Construc tion Co.; Ltd នៃសាធារណរដ្ឋប្រជាមា និតចិន ហើយការជួលជុលបន្ទាប់នេះ នឹងរួចរាល់នៅសប្តាហ៍ក្រោយនេះ។ ឯកឧត្តមបន្តថាចំពោះការរៀបចំកែលម្អជាលក្ខណៈទ្រង់ទាយធំ នឹងត្រូវធ្វើនៅឆ្នាំក្រោយនេះដែលក្រសួងទទួលបានហិរញ្ញប្បទានពី សាធារណរដ្ឋប្រជាមានិតចិនប្រមាណជា ១០០លានដុល្លារអាមេរិក សម្រាប់ធ្វើការអភិវឌ្ឍប្រព័ន្ធស្រោចស្រព និងការពារទឹក ជំនន់ស្ទឹងព្រែកត្នោត ដើម្បីជាប្រយោជន៍ក្នុងការទប់ទឹករក្សាទុកប្រើប្រាស់នារដូវប្រាំងខាងមុខនេះ និងដើម្បីធ្វើឱ្យខ្នងទំនប់រឹងមាំជាងមុន ជាពិសេសងាយ ស្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋក្នុងមូលដ្ឋានផង។
ឯកឧត្តមមានប្រសាសន៍ថា « ការជួស ជុលនេះ អាចក្នុងរយៈពេលមួយសប្តាហ៍អីនឹងរួចរាល់ហើយ នេះគឺជាការជួសជុលបន្ទាន់ ។ ប៉ុន្តែក្នុងនោះគ្រោងអភិវឌ្ឍមួយ ទៀតដែលយើងហៅថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ គឺយើងមានកិច្ចសហ ប្រតិបត្តិការជាមួយចិន បានន័យថាយើងទទួលបានហិរញ្ញប្បទានពីប្រទេសចិន ដើម្បីរៀបចំប្រព័ន្ធនេះឡើងវិញ។ ហើយគម្រោងនេះយើងនឹងចាប់ផ្តើមអនុវត្តចាប់ ពីឆ្នាំ២០២១ទៅ»។
គួរជម្រាបថា កាលពីពេលថ្មីៗនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិរបស់ក្រសួងត្រូវចុះសហការជាមួយក្រុមការងារថ្នាក់ខេត្តនៃមន្ទីរធនធានទឹក និង ឧតុនិយម ធ្វើការត្រួតពិនិត្យ និងជួសជុលស្ដារឡើងវិញជាបន្ទាន់នូវសំណង់ធារាសាស្ត្រទាំង ឡាយដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដោយធ្វើយ៉ាងណារក្សាទឹកទុកឱ្យបានល្អ សម្រាប់ផ្គត់ផ្គង់ឱ្យកសិករប្រើ ប្រាស់ក្នុងវិស័យកសិកម្មនៅរដូវប្រាំង៕