គ្រោះថ្នាក់ចរាចរណ៍ជាង៩៣ភាគរយ បង្កឡើងដោយកត្តាមនុស្ស

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៥ ១១ ២០២០

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន លើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ជាង៩៣ភាគរយ បង្កឡើងដោយកត្តាមនុស្ស ខណៈគ្រោះថ្នាក់ផ្សេងទៀតបង្ក ឡើងដោយកត្តាយានយន្ត និងផ្លូវថ្នល់ ។

  ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស” របស់ក្រុមហ៊ុន វើលដ៍ប៊្រីជ ខា សូលូសិន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកបើកបរយានយន្តនៅតែធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ដូចជា៖ បើកហួសល្បឿនកំណត់ អត់ពាក់មួកសុវត្ថិភាព  អត់ពាក់ខ្សែក្រវាត់សុវត្ថិភាព ប្រើគ្រឿងញៀននិងគ្រឿងស្រវឹងក្នុងពេលបើកបរ វ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ន ជាដើម។ ឯកឧត្តម បន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយយានយន្តខុសលក្ខណៈបច្ចេកទេស គឺមានតែប្រហែល ៣ភាគរយប៉ុណ្ណោះ ខណៈកត្តាផ្សេងទៀតបណ្តាលមកពីផ្លូវថ្នល់ គ្មានស្លាកសញ្ញាចរាចរណ៍ ជាដើម។

     ឯកឧត្តម លើកទឹកចិត្តដល់វិស័យឯក ជនបង្កើនការវិនិយោគលើសេវាថែទាំ និងជួសជុលយានយន្តតាមកម្រិតស្តង់ដារត្រឹមត្រូវ និងមានតម្លៃសមរម្យ ឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការ ស្វែងរកសេវាកម្មផ្នែកនេះ សំដៅកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅ តែស្ថិតក្នុងរង្វង់៥នាក់ និងរងរបួសចន្លោះពី១០ទៅ១៥នាក់ ក្នុងមួយថ្ងៃៗ។

    លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីជ ខា សូលូសិន សន្យាពង្រីកមជ្ឈមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្តនេះឱ្យដល់ ២៥កន្លែង ក្នុងរាជធានី-ខេត្តចំនួន១១ នៅត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្នក្រុមហ៊ុនរបស់ខ្លួនទើបតែមានចំនួន២ទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្តដែលត្រូវការនូវសេវាថែទាំ និងជួសជុល។

  យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានយានយន្តសរុបជាង៥លាន ៨សែនគ្រឿង ក្នុងនោះរថយន្តធុនតូច និងធុនធំប្រមាណ៩០ម៉ឺនគ្រឿង៕