ឆ្នាំនេះ ខេត្តតាកែវគ្រោងនាំស្រូវចេញជាង៨០ម៉ឺនតោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តនិងនាំចេញ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ


តាកែវ៖ មន្រ្តីជំនាញកសិកម្មខេត្តតាកេវបានអះអាងថាឆ្នាំនេះ ខេត្តអាចនាំស្រូវចេញបានជាង៨០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ បើទោះបីមានគ្រោះរាំងស្ងួត និងទឹកជំនន់កើតមានក៏ដោយ។
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បាន ប្រាប់វិទ្យុជាតិកម្ពុជាថា រហូតមកដល់ពេលនេះ ផលស្រូវដើមរដូវ ជាង៥ម៉ឺនហិកតា ប្រមូលផលបាន១០០ ភាគរយហើយ ដោយទទួលបានទិន្នផលជាង៤តោនក្នុងមួយហិតតា បើគិតជាបរិមាណផលទទួលបាន ២៤៥ ៨៣៩តោន ។
លោកប្រធានមន្ទីរបន្ថែមថា ស្រូវដើមរដូវ ឬហៅថាស្រូវ ស្រាល មានដូចជាស្រូវសែនក្រអូប ស្រូវអ៊ីអ៊ែ ជាដើមនោះ គឺបងប្អូនប្រជាកសិករនិយមដាំច្រើនជាងគេ ព្រោះថាស្រូវប្រភេទនេះឆាប់ទទួលបាន ផល និងមានតម្លៃសមរម្យនៅលើទីផ្សារបច្ចុប្បន្ន ។
លោកប្រធានមន្ទីរបន្ដថា បន្ទាប់ពីចប់ការប្រមូលផលស្រូវដើមរដូវរួចរាល់ ប្រជា កសិករនៅខេត្តតាកែវ មិនបង្អង់យូរនោះទេ ខិតខំបន្ដការដាំដុះស្រូវកណ្តាលរដូវបន្ថែមទៀត ដោយអាចប្រមូលផលបានឆាប់នៅពាក់កណ្តាលខែ វិច្ឆិកានេះ។
លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម ដែលមានប្រជាពលរដ្ឋប្រមាណ ៧៩ ភាគរយប្រកបរបរធ្វើស្រែចម្ការ នេសាទ និងចិញ្ចឹមសត្វ ។ ក្នុងមួយឆ្នាំកសិករអាចធ្វើ ស្រែបានពី ២ទៅ៣ ដង និងទទួលបានទិន្នផលជាមធ្យម ៥តោនក្នុងមួយហិកតា។
«ខេត្តតាកែវដំណាំស្រូវទាំងរដូវប្រាំងនិងរដូវវស្សាគឺធានាបាន ផ្គត់ផ្គង់ការហូបចុកបានគ្រប់នៅក្នុងខេត្តតាកែវ និងអាចសល់លក់ចេញកិនជាអង្ករ ឬក៏ជាស្រូវមិនតិចជាង ៨០ម៉ឺនតោននោះទេ»។
លោកប្រធានមន្ទីរ ក៏បានឱ្យដឹងទៀតថា នៅក្នុងផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០-២០២១នេះ ចំ នួនជាង ១៨០ ពាន់ហិកតា គឺអនុវត្តបានចំនួន២៩០ ៨៩៥ ហិកតា ស្មើនឹង១១៦,៦១ ភាគរយ ។ប៉ុន្តែក្នុងចំនួននៃការផលិតបាននេះ ត្រូវរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ២ ៥៩៧ ហិកតា រាំងស្ងួតចំនួន១៧២ ហិកតា៕