អ្នកស្រាវជ្រាវដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរកឃើញថា បារីនាំចូលទាំងអស់ នៅលើទីផ្សារកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត


អត្ថបទ៖ លោកចេម ហួត
ភ្នំពេញ៖យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ អ្នកស្រាវជ្រាវដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីដើមឆ្នាំ២០២០ អំពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជាបានឱ្យដឹងថា ២៨%នៃបារីនាំចូលទាំងអស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ បារីទាំងនោះមានបារីម៉ាក ESSE Hero Oris និង Gold Seal ជាដើម។
យោងតាមកិច្ចសម្ភាសន៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជាជាមួយអាជីវករលក់បារីបានអោយដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធទាំងនោះ បានមកពីការចែកចាយដោយ ភ្នាក់ងារក្រុមហ៊ុនបារីនិងបានមកពីការទិញផ្ទាល់នៅតាមដេប៉ូបោះដុំ។អាជីវករលក់បារីបានប្រាប់ថា ភ្នាក់ងារក្រុម ហ៊ុនបារីតែងតែចែកចាយបារីដល់ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់ងារក្រុមហ៊ុនមក គាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិតយ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួតពិនិត្យផលិត ផលថ្នាំជក់នៃអង្គការសុខភាពពិភពលោកបានមានមតិថា បារីដែលមិនមានបិទតែមប្រិ៍ពន្ធគឺជាបារីខុស ច្បាប់។ បារីខុសច្បាប់គឺជាឧបសគ្គដ៏ធំមួយនៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឱ្យខាតបង់ចំណូលពន្ធរដ្ឋនោះទេ ថែមទាំងធ្វើអោយប្រជាពលរដ្ឋប្រឈមនឹងជំងឺដែលបង្កពីការជក់បារីកាន់តែច្រើន ដោយសារតែការប្រើប្រាស់ថ្នាំជក់កើនឡើង។
ការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT Internationalបានបង្ហាញថា បារីដែលមិនបានបង់ពន្ធ បានរួមចំណែកធ្វើ អោយបាត់បង់ចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលទប់ស្កាត់បារីគេច ពន្ធអោយមានប្រសិទ្ធភាព នោះកម្ពុជានឹងទទួលបានចំណូលពន្ធចំនួន ៧% បន្ថែមពីលើពន្ធដែលប្រមូលបានពីពន្ធថ្នាំជក់ក្នុងពេលបច្ចុប្បន្ន។
ការប្រើប្រាស់ថ្នាំជក់បង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងបង្កអោយខាតបង់សេដ្ឋ កិច្ចយ៉ាងធំធេង។ ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់បានស្លាប់ដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់ ហើយថវិកាប្រមាណ៦៥៦លានដុល្លារអាមេរិកត្រូវបានខាតបង់៕