រដ្ឋបាលខេត្តកែប គ្រោងពង្រីកឆ្នេរនិងអភិវឌ្ឍន៍កន្លែងកម្សាន្តមួយចំនួនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


MC៖ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា តាមផែនការរបស់ខេត្តនៅឆ្នាំ២០២១ គឺកែលម្អផ្លូវចូលតំបន់ភ្នំវល្លិ រៀបចំផ្លូវប្របមាត់សមុទ្រ ពីទីរួមខេត្តដល់ឆ្នេរអង្កោល និងកែលម្អកំពង់ផែទេសចរណ៍ នៅកោះទន្សាយ ។
លោកបានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីនេះ ខេត្តក៏មានគម្រោងជួសជុលផ្លូវដើរឡើងលើឧទ្យានកែប ឱ្យមានលក្ខណៈ ស្តង់ដារស្អាត ដោយមានការសាងសង់បន្ទប់ទឹក កន្លែងផ្តល់ព័ត៌មាន កន្លែងសម្រាកអង្គុយលំហែ សម្រាប់ភ្ញៀវទេសចរ ខណៈដែលតំបន់នោះ គឺជាកន្លែងមួយមានសក្តានុពលខាងផ្នែកធនធានធម្មជាតិ។
លោកបានបន្ថែមទៀតថា ការរៀបចំផ្លូវប្របមាត់សមុទ្រ ពីទីរួមខេត្តដល់ឆ្នេរអង្កោលដែលមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រ ជាឆ្នេរដែលមានខ្សាច់ធម្មជាតិ សស្អាត ដែលជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីបង្វែរភ្ញៀវទេសចរទៅកម្សាន្តកន្លែងថ្មីៗ ។
លោក​បញ្ជាក់​ថា​ « កាលណាយើងពង្រីកផលិតផលទេសចរណ៍ក៏ដូចជាធ្វើផ្លូវឱ្យបានស្អាត ពង្រីកតំបន់ឆ្នេរជាដើម វាបានជះឥទ្ធិពលល្អសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ និងងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ តាមរយៈគម្រោងអភិវឌ្ឍផែនការរបស់ខេត្ត។ ហើយទី២ បម្រើឱ្យផ្នែកទេសចរណ៍ ភ្ញៀវមកកម្សាន្តសប្បាយ កុំឱ្យមក កកកុញតំបន់ឆ្នេរនៅក្នុងក្រុងតែមួយកន្លែង ព្រោះកន្លងមកកែបដឹងហើយតាមសារព័ត៌មាន បុណ្យទានម្តងៗភ្ញៀវមកកកកុញ មកតំបន់ឆ្នេរលេងទឹកតែនៅក្នុងក្រុងហ្នឹង យុទ្ធសាស្រ្តរបស់ខេត្តគឺពង្រីកឆ្នេរបន្ថែម មួយទៅពីរបន្ថែមទៀត ពិសេសគឺឆ្នេរអង្កោលដែលមានសក្តានុពលខ្លាំង គឺនឹងត្រៀមកែលម្អ តំបន់ឆ្នេរនោះមានហេដ្ឋារចនាសម្ព័ន្ធ មានបន្ទប់ទឹក មានសួនកម្សាន្ត មានតូបសម្រាប់ឱ្យប្រជាពលរដ្ឋ អាជីវករនៅសហគមន៍ហ្នឹង មានការលក់ដូរដូចឆ្នេរនៅក្នុងក្រុងដែរ » ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ ខេត្តកែបទទួលបានភ្ញៀវទេសចរ ប្រមាណជាង១លាន៣សែននាក់ ខណៈដែលកាលពីបុណ្យអុំទូកកន្លងទៅ ខេត្តនេះទទួលបានភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ ៕​