លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖ រាល់​អ្នក​ដែល​គិតថា​ខ្លួន​បាន​ប៉ះពាល់​ជាមួយនឹង​អ្នក​ដែល​បម្រើ​ការងារ​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី អាច​ទៅ​ស្វែងរក​ការធ្វើ​តេស្ត​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​

AKP ភ្នំពេញ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ —

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​តាមរយៈ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដល់​អ្នក​ដែល​គិតថា​ខ្លួន​បាន​ប៉ះពាល់​ដោយផ្ទាល់ រឺ​ដោយ​ប្រយោល​ជាមួយនឹង​អ្នក​ដែល​បម្រើ​ការងារ​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពីពេល​ថ្មីៗ​នេះ សូម​ទៅធ្វើ​តេស្ត​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ដើម្បី​ចៀសវៀង​ការព្រួយបារម្ភ និង​សង្ស័យ​អំពី​ស្ថានភាព​សុខភាព​របស់ខ្លួន​។​

​លោកជំទាវ​បាន​គូសបញ្ជាក់​បន្ថែមថា​៖ “​រាល់​អ្នក​ដែល​បាន​បម្រើ​ការងារ​ដោយផ្ទាល់​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ត្រូវបាន​រកឃើញថា​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ បាន​ទៅធ្វើ​តេស្ត​ស្វែងរក​វីរុស​កូ​វីដ​-១៩ ប្រមាណ ៦២៨​នាក់​រួចរាល់​ហើយ ហើយ​លទ្ធផល​គឺ​ពុំមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ពួកគាត់​ត្រូវតែ​បន្តធ្វើ​ការដាក់​ខ្លួន​ឱ្យដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​បន្តទៀត ដោយ​ត្រូវ​តាមដាន​សុខភាព​ខ្លួនឯង​បន្ថែមទៀត​។ ដោយឡែក រាល់​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល ឬ​គិតថា​ខ្លួនឯង បាន​ប៉ះពាល់​បន្ត​ជាមួយនឹង​អ្នក​ទាំង ៦២៨​នាក់​នេះ គឺអាច​ស្វែងរក​ការពិនិត្យ​សុខភាព ឬ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ដើម្បី​ចៀសវៀង​ការសង្ស័យ និង​ជ្រះស្រឡះ​ក្នុង​ចិត្ត ប៉ុន្តែ​ពួកគាត់​ក៏​ត្រូវតែ​តាមដាន​សុខភាព​ខ្លួនឯង​ចំនួន ១៤​ថ្ងៃ​ផងដែរ​”​។​

​ក្នុងឱកាស​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ក៏បាន​ជូនពរ​ដល់​ក្រុមការងារ​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​នេះ ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។​

​គួររម្លឹកថា មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​បន្ទាប់​ពីថ្ងៃ​ម្សិលមិញ មានការ​ផ្សព្វផ្សាយ​ថា ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ បន្ទាប់ពីនោះ​ក៏មាន​ការប្រកាស​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក របស់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្ងៃនេះ​ផងដែរ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ការ​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ០៣​នាក់​ថ្មី​ទៀត ដែល​ធ្វើឱ្យ​តួលេខ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅសល់​ចំនួន​តែ ០៦​នាក់ ប៉ុណ្ណោះ ហើយ​មិនមាន​ការរកឃើញ​ករ​ណី​វិជ្ជមាន​ថ្មី​នោះទេ​៕ ដោយ​៖ ផែន រតនៈ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​