ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​

AKP ភ្នំពេញ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០–
​កាលពី​ថ្ងៃ​៤​រោច ខែកត្តិក ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​របៀបវារៈ​មួយចំនួន រួមមាន​៖ ការរៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​។
​ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្ដីពី​ការពង្រឹង​វិធានការ​រឹតបន្តឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ និង វឌ្ឍនភាព​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ផងដែរ​។
​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ ជាក់ស្តែង​នៅក្នុង​រយៈពេល​ថ្មីៗ​កន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​គូសបញ្ជាក់​អំពី​វឌ្ឍនភាព នៃ​ការត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​នឹង​ការរៀបចំ​ផែនការ​ស្ដារ​ជួសជុល​បន្ទាន់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​រយៈពេល​កន្លងទៅនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្រសួង​បាន​បែងចែក​ក្រុមការងារ​បច្ចេកទេស ចុះទៅ​សិក្សា វាយតម្លៃ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត ដែល​រង​ផលប៉ះពាល់ ដើម្បី​ធ្វើបញ្ជី​ប៉ាន់​តម្លៃ​ជាក់ស្តែង និង​ដាក់​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើសុំ​ថវិកា​ជួសជុល ក្នុង​គោលបំណង​សម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​
​ទន្ទឹមនឹងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទូទាំងប្រទេស ត្រូវ​អនុវត្តន៍​ការងារ​របស់ខ្លួន​ជាប្រចាំ​ទាក់ទង​នឹង​ការចុះ​បិត​ជង្ហុក​សម្បុកមាន់ ដោយ​មិនត្រូវ​រង់ចាំ​ថវិកា​ពិសេស ឬ​ទុក​ផ្លូវ​នោះ​ចោល​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​ឡើយ​។ ប៉ុន្តែ​ត្រូវយក​ថវិកា​ដែល​ក្រសួង​មាន​សម្រាប់​ជួសជុល​ថែទាំ ឬ​ត្រូវយក​ថវិកា​បន្ទាន់ ដើម្បី​សម្រួល​ដល់​ការតភ្ជាប់​ឱ្យបាន​នូវ​ផ្លូវ​ដែល​ត្រូវ​ទឹកជំនន់​ហូរ​កាត់ផ្តាច់​កន្លងមក និង​បាន​ស្នើឱ្យ​អង្គភាព​ទទួល​ការងារ​ជួសជុល​ថែទាំ និង​សាងសង់​ផ្លូវថ្នល់ ផ្តល់​សម្ភារ​ឱ្យបាន​គ្រប់គ្រាន់ ដូចជា ស្បែកជើង មួកសុវត្ថិភាព អាវ និង​ស្រោមដៃ​ជូន​ដល់​បុគ្គលិក​កម្មករ​ទាំងឡាយ ដែល​បំពេញការងារ​ជួសជុល​ថែទាំ​ផ្លូវ ដើម្បី​បង្ហាញ​នូវ​សេចក្តីថ្លៃថ្នូរ ស័ក្ដិ​សមជា​បុគ្គលិក កម្មករ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ជួយផ្ដល់​កិច្ចសហការ​ល្អជា​មួយនា​យក​ដ្ឋា​ន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ក្នុង​ការផ្ដល់​ទិន្នន័យ​ក៏ដូចជា​ព័ត៌មាន​ចាំបាច់​មួយចំនួន​សម្រាប់​ការរៀបចំ​ផែនការ​មេនេះ​ឱ្យ​ទទួលបាន​ជោគជ័យ​៕ ដោយ​៖ ទេស ច័ន្ទ​សុធា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​