អភិបាលខេត្ត​ព្រះវិហារ ជំ​រុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ នូវ​អ្វីដែល​រង​ការខូចខាត​ក្រោយ​ទឹកជំនន់​

AKP ព្រះវិហារ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តព្រះវិហារ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី​ក្រុង ស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នានា ត្រូវ​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​មើល​នូវ​ហេ​ដ្ឋ​រចនា​ស​ម្ព័ ន្ធ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដែល​រង​ការ​ខូ​ខាត​ដោយ​ទឹកជំនន់ ត្រូវធ្វើ​ការស្តារ និង​ជួសជុល​ឡើងវិញ ដើម្បី​បម្រើ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

​ឯកឧត្តម​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត កាលពី​ថ្ងៃ​៤​រោច ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំងបី​ប្រភេទ​ក្នុង​ខេត្ត មេបញ្ជាការ​តាម​បណ្តោយ​ព្រំដែន ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក អធិការ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេ​ប៉ុស្តិ៍​នគរ បាល​ជាច្រើនរូប ។​

​ឯកឧត្តម​បានលើកឡើង​បន្តថា ទោះបីជា​ខេត្តព្រះវិហារ មិនមាន​ការរង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ ដូច​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​ក៏ពិតមែន តែ​ស្ថានភាព​ទឹកជំនន់​បាន​បង្កឱ្យមាន​ការរង​ផលប៉ះពាល់​ខូចខាត​ផ្លូវ​នៅតាម​ជនបទ ឃុំ ស្រុក​មួយចំនួន ក៏ដូចជា​ដំណាំ និង​សត្វពាហនៈ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ៤២០​គ្រួសារ ដែល​រង​ផលប៉ះពាល់ ក៏បាន​ធ្វើ​ដោះស្រាយ​ការលំបាក និង​ឧបត្ថម្ភ​ជូន​ពួកគាត់​ផងដែរ ។​

​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​នេះ ឯកឧត្តម បានដាក់​ចេញ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​១៣ ចំណុច​៖ ទី​១.​ករណី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​។ ទី​២.​ករណី​គ្រោះទឹកជំនន់​។ ទី​៣.​ការស្តារ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ឡើងវិញ​ក្រោយ​ទឹកជំនន់​។ ទី​៤.​ករណី​កាំជណ្តើរ​ឡើង​ភ្នំ​ត្បែង​។ ទី​៥.​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។ ទី​៦.​ករណី​ទំនាស់​ដីធ្លី ។ ទី​៧.​ករណី​ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​។ ទី​៨.​ករណី​សារព័ត៌មាន​ចុះផ្សាយ​ឡាន​ដឹកឈើ​រៀងរាល់​យប់​។ ទី​៩.​ការ​ស្រាយ​បំភ្លឺ​របស់​អជ្ញាធរ សមត្ថកិច្ច​ពាក់​ព​ន្ធ័​ចំពោះ​ការចុះផ្សាយ​របស់​សារ ព័ត៌មាន​។ ទី​១០.​អនាម​យ័ បរិស្ថាន សណ្តាប់ធ្នាប់​តាម​ផ្សារ​និង​ទីប្រជុំជន​។ ទី​១១.​ករណី​ក្រដាស់​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​។ ទី​១២.​ករណី​សេវា​ច្រកចេញ​-​ចូល​តែមួយ ។​ទី​១៣.​ការ​សាមគ្គីភាព​ផ្ទៃក្នុង ។ ហេតុនេះ​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ អង្គភាព​នានា​ដែល​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ព​ង្រឹ​ង មុខងារ​តួនាទី​អនុវត្តន៍​ការងារ​របស់ខ្លួន​ឱ្យបាន​សម្រេច​ទទួលបាន​ជោគជ័យ ៕ ដោយ​៖ ទិ​ត ស្រ៊ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល