ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់២០០០គ្រួសារនៅស្រុកឯកភ្នំខេត្តបាត់ដំបងទទួលបានជំនួយពីក្រុមការងារសម្តេចក្រឡាហោមសខេង

វិទ្យុជាតិកម្ពុជា៖
ប្រជាពលរដ្ឋ ២០០០គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទទួលរងគ្រោះ ដោយទឹកជំនន់កន្លងមក បានទទួលអំណោយ របស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ តាមរយៈ ក្រុមអ្នកម្ដាយមនុស្សធម៌ ចូលរួមរំលែកការខ្វះខាត និងផ្ដល់ក្តីស្រឡាញ់ដោយមិនរើសអើង ដែលដឹកនាំដោយលោកជំទាវ ញ៉ែមសា ខន សខេង នៅអតីតរោងចក្រក្រចៅ កាលពីថ្ងៃទី ៣ខែវិច្ឆិកា។

ស្រុកឯកភ្នំ ក៏ដូចជាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបងដែរ បានទទួលរងគ្រោះដោយទឹកជំនន់ មានចំនួន ៥ឃុំ ធ្វើឱ្យប៉ះពាល់និងខូចខាត ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ព្រមទាំងខូចខាតដំណាំកសិកម្ម ជាង ១៥០០ ហិកតា និងដំណាំផ្សេងៗជាច្រើនទៀត និង ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥២០០គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ៦២ គ្រួសារ បានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ក្រោមការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្ត រួមជាមួយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកឯកភ្នំ បានជួយដោះស្រាយដោយ ឧបត្ថម្ភ គ្រឿងបរិភោគ ជាបន្តបន្ទាប់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់លោកអភិបាលស្រុកឯកភ្នំ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា និងជាតំណាង សម្ដេចក្រឡាហោមសខេង បានចូលរួមសោកស្ដាយ ចំពោះការខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកោតសរសើរដល់ ការខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ស្រុក រួមជាមួយ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកឯកភ្នំ បានជួយជម្លៀស និងដោះស្រាយ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋយើង ជាបន្តបន្ទាប់។

ឯកឧត្តមក៏បាន សំណូមពរ ដល់ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរក្សាអនាម័យ ឱ្យបានជាប្រចាំ នឹងខិតខំបង្កបង្កើនផលជាបន្តទៀត ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់បងប្អូនឱ្យកាន់តែមានភាពល្អប្រសើរ ហើយពិសេសជាងនេះទៀតនោះ ត្រូវគោរពតាម ការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិដ -១៩ឱ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំងពីរពាន់គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវ ទឹកត្រី និងសម្ភារមួយចំនួនទៀត៕
អត្ថបទ ម៉ូតវ៉ោយហូរវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង