សម្ដេចហ៊ុន សែន៖ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ តែគ្រូពេទ្យតម្រូវ ឱ្យខ្ញុំ រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសូម្បីតែភរិយា កូននិងចៅក៏មិនអាចជួបបានដែរ

វិទ្យុជាតិកម្ពុជា

ភ្នំពេញ:មុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារតាមPage facebook របស់សម្ដេចទាក់ទងទៅនឹងបញ្ហាវិជ្ជមានកូវីដ19របស់រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មប្រទេសហុងគ្រី។

សារសម្តេចតេជោមានខ្លឹមសារយ៉ាងដូច្នេះថា÷

គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។

ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ដោយឡែក នៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា  អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។

សម្តេចបានបន្តថា ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ  ក៏មិនអាចជួបបានដែរ។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ

ព្រះមហាក្សត្រនិងហ្លួងម៉ែ ដែលទូលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ

ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបាន ដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។

សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ

១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។

សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះ ដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះ ហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាល

បានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាល ខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៍ឬសុំយោបល់ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន

គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា ។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ៕