សម្តេចក្រឡាហោម ផ្តល់អំណោយសង្គ្រោះដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុងស្រុកភ្នំព្រឹក និងក្រុងបាត់ដំបង សរុប៨០០គ្រួសារ

 

វិទ្យុជាតិកម្ពុជា៖ ម៉ូតវ៉ោយហូរ មន្ទីរព័ត៌មានបាត់ដំបង

        បាត់ដំបង៖ អំណោយជាគ្រឿងបរិភោគ របស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបងនិងលោកជំទាវ  ត្រូវបានក្រុមអ្នកម្ដាយមនុស្សធម៌ ចូលរួមរំលែកការខ្វះខាតនិងផ្ដល់ក្តីស្រឡាញ់ដោយមិនរើសអើង ដឹកនាំដោយលោកជំទាវ ញ៉ែម សាខន សខេង នាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣០០ គ្រួសារ ក្នុងស្រុកភ្នំព្រឹក នៅវិទ្យាល័យពេជ្រចិន្ដា កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ២០២០។

បន្ទាប់មកក្រុមអ្នកម្ដាយមនុស្សធម៌ចូលរួមរំលែកការខ្វះខាតនិងផ្ដល់ក្តីស្រឡាញ់ដោយមិនរើសអើង ក៏បានបន្តនាំយកអំណោយ មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០ គ្រួសារទៀត ក្នុងក្រុងបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍វាលផងដែរ។ 

      នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា បានកោតសរសើរនិង វាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រដ្ឋបាលខេត្ត ដែលបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា និងបានដោះស្រាយជាបន្តបន្ទាប់នូវរាល់បញ្ហាដែលកើតមានឡើង ចំពោះប្រជាពលរដ្ឋ រងគ្រោះទាំងនោះ។

 ឯកឧត្តមក៏បានសុំទោសប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយទឹកជំនន់ទាំងអស់ ដែលបានទទួលអំណោយ ជាបន្តបន្ទាប់ ពីប្រមុខរាជរដ្ឋាភិបាល ពុំបានស្មើគ្នា គឺអាស្រ័យដោយ មានប្រជាពលរដ្ឋយើងខ្លះ រងគ្រោះតិច ហើយក៏មានប្រជាពលរដ្ឋ យើងខ្លះ ក៏ទទួលរងគ្រោះជាទម្ងន់ផងដែរ។

    សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ មានអង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងសម្ភារមួយចំនួនទៀតផង៕​