ក្រុមយុវជនចាប់ផ្តើមធ្វើយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០ ក្នុងបរិបទកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ១១ ២០២០


យុទ្ធនាការភ្នំពេញស្អាត ដែលជាផ្នែកមួយនៃគម្រោងស្អាត បានចាប់ផ្តើមជាមួយពាក្យស្លោកថ្មីមួយគឺ «ស្អាតជាទម្លាប់ថ្មី» ក្នុងបុព្វហេតុលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីការសម្អាតអនាម័យ បរិស្ថាន ស្របពេលស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកល។
ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២០នេះ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ដើម្បីបង្ហាញនូវការគាំទ្រទៅដល់គំនិតផ្តួចផ្តើមរបស់ក្រុមយុវជន ដែលក្នុងនោះមានទាំងឯកឧត្តមផ្ទាល់ និងស្ថាបនិកចំនួន៥រូបទៀត គឺលោកជំទាវ ទេព កូលាប, លោកជី សិលា, លោកស្រី ជា សុផល្លា, លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា ក្នុងការបង្កើតគម្រោងនេះឡើង។
ឯកឧត្តម បានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំនេះនឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍ អនាម័យស្អាត និងវិធានការសុវត្ថិភាពពីការឆ្លងវីរុសកូរ៉ូណា រួមមានពាក់ម៉ាស់ឱ្យបានជាប់លាប់នៅពេលចាំបាច់ ព្រមទាំងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសង្គម ចៀសវាងការប៉ះពាល់ជាមួយសត្វ ឬអ្នកជំងឺក្អក និងគ្រុនក្ដៅ ជាដើម។ បន្ថែមពីលើនេះ «ភាពស្អាត ដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងពិតប្រាកដជាមួយនឹងការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏ដូចជាការរៀបចំគំនិតផ្ដួចផ្ដើមនានាដែលនាំមកនូវអនាម័យ និងបរិស្ថានស្អាត។
សូមបញ្ជាក់ថា ក្រុមការងារប្រតិបត្តិនៃយុទ្ធនាការភ្នំពេញស្អាត ក៏បានបង្កើតកម្មវិធី ប្រកួតប្រជែងគម្រោងទស្សនាទាន«សាលាបរិស្ថានស្អាត» ដើម្បីបើកឱកាសឱ្យសិស្សានុសិស្សនៅតាមវិទ្យាល័យរដ្ឋ និងឯកជន ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បានបញ្ចេញស្នាដៃ បទពិសោធន៍ និងការយល់ដឹងក្នុងវិស័យបរិស្ថានដោយឈរលើស្មារតីច្នៃប្រឌិត គំនិតជឿនលឿន ក៏ដូចជានវានុវត្តន៍ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឈានទៅរកអនាម័យស្អាត មេត្រីភាពបរិស្ថាន តាមរយៈការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដោយមានភាពម្ចាស់ការលើខ្លួនឯងក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ។ ពោលគឺ ការពារថែរក្សាបរិស្ថានឲ្យបានស្អាតទាំងក្នុងគេហដ្ឋាន ក្នុងបរិវេណសាលា ក្នុងការិយាល័យធ្វើការ ជាពិសេសគឺចាប់ផ្តើមពីរាជធានីភ្នំពេញស្អាត រហូតដល់សង្គមជាតិទាំងមូលគ្មានសំរាមរាយប៉ាយ គ្មានកាកសំណល់ពាសវាលពាសកាល។
យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ ក៏មានការផលិតវីដេអូ ខ្សែភាពយន្តបែបអប់រំ និងមនោសញ្ចេតនាខ្លី បង្កប់ទិសស្លោកថ្មីស្ដីពីស្អាតជាទម្លាប់ថ្មី ដើម្បីចាក់ផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងការផលិតវីដេអូនៅក្នុងកម្មវិធី Tik Tok ដើម្បីទាក់ទាញយុវជនឱ្យចូលរួមលេងកម្សាន្ត និងផ្សព្វផ្សាយពីភាពជាគំរូក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕​