រាជរដ្ឋាភិបាលផ្តល់ស្រូវពូជប្រមាណ១៥០០តោន ដល់ប្រជាពលរដ្ឋចំនួន២៧៦២គ្រួសារនៅខេត្តត្បូងឃ្មុំ

 

វិទ្យុជាតិកម្ពុជា៖ 

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២០ ពូជស្រូវ OM ៥១ ៥៤ ប្រមាណ១៥០០តោន ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ២៧៦២ គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ ចំនួន១៥៧១គ្រួសារ  បន្ទាប់ពីរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងពេលជួបជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារៗទទួលបាន ស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងដែនដី តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្កមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM ៥១ ៥៤ ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់បំផុត ពោលគឺទីណាមានទុក្ខលំបាកទីនោះមានសម្តេចទាំងទ្វេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចទាំងទ្វេ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស ជាពិសេសបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ ហើយសម្តេចក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឱ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និង ចិញ្ចឹមសត្វ, ចិញ្ចឹមត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីចៀសឆ្ងាយពីជំងឺតម្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។ បន្ថែមពីនេះ ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀន ឱ្យខាងតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់ឱ្យ ជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនឱ្យ បានលឿន និងមានប្រសិទ្ធភាពខ្ពស់