រដ្ឋបាលរាជធានីភ្នំពេញ ចែកស្រូវពូជ ៥០តោន ជូនដល់ប្រជាពលរដ្ឋ៦៦៣គ្រួសារ មកពីសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–
ប្រជាពលរដ្ឋចំនួន៦៦៣គ្រួសារ មកពីសង្កាត់ចំនួន៥ គឺសង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុងខណ្ឌដង្កោ បានទទួលអំណោយ ជាស្រូវពូជចំនួន៥០តោន ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខណ្ឌដង្កោ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែល ទទួលរងនូវការលិចលង់ដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោនេះ ត្រូវបានរាជ រដ្ឋាភិបាលយក ចិត្តទុកដាក់ណាស់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ស្រូវពូជ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។ ក្រោយពីបានប្រគល់គ្រាប់ ពូជនេះហើយ ឯកឧត្តមសន្យាថា នឹងផ្គត់ផ្គង់ទឹកថែមទៀត ដើម្បីបង្កបង្កើនផលស្រូវនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់បងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ខណៈបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញគឺ ត្រូវអនុវត្តន៍ទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងកសិកម្ម ឱ្យបានត្រឹមត្រូវដើម្បីឱ្យផល ដំណាំទទួលបានទិន្នផលគាប់ប្រសើរ។

ឯកឧត្ដម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះ គឺបានធ្វើឱ្យ ខណ្ឌចំនួន៤ បានទទួលរងនូវការលិចលង់ ក្នុងនោះសង្កាត់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាងគេគឺនៅក្នុងខណ្ឌដង្កោ។ ដើម្បីស្ដារឡើងវិញ ក្រោយពីទទួលបាននូវស្រូវពូជនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ បង្កបង្កើនផលឱ្យបានទាន់ពេលវេលាទៅតាមអ្វីដែលអាចធ្វើបាន។

ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជាពិតជាទទួលរងនូវផល ប៉ះពាល់ពីរធំៗ នោះគឺបញ្ហាជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី កម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសបាន ប្រមាណ ៥៣ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ៣៦៦លានដុល្លារ ហើយចំពោះការផ្ដល់ ស្រូវពូជនេះ យើងបានសម្រិតសម្រាំង ដែលអាចបង្កបង្កើនផលបានទិន្នផលពី៨០ ទៅ៨៥ភាគរយ។

លោកស្រី គីម ញឹប អភិបាលខណ្ឌដង្កោ បានឱ្យដឹងដែរថា ពូជស្រូវស្រាលដែលចែក ជូនប្រជាកសិករនេះមានចំនួន ៥០តោន ចែកជូនកសិករចំនួន៦៦៣ គ្រួសារ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ នៅក្នុងខណ្ឌដង្កោ។

លោកស្រីបន្តថា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា បណ្តាលឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោមានការហក់ឡើងខ្ពស់ធ្វើឱ្យជន់លិចភូមិចំនួន៤២ភូមិ ក្នុងសង្កាត់ចំនួន១១ ជន់លិចផ្ទះសម្បែងចំនួន ៤៩៦៥ខ្នងផ្ទះ ស្មើនឹង ៥៥៨៧ គ្រួសារ ដែលមានប្រជាពលរដ្ឋ ចំនួន២៣៥៦០នាក់ រងគ្រោះជំនន់ទឹកស្ទឹងព្រែកត្នោតដោយផ្ទាល់ និងបង្កការខូចខាតដំណាំ ចំនួន ១០៧៩ហិកតា សត្វគោសរុបចំនួន ១៤៨៨ ក្បាល និងប៉ះពាល់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៥៣ខ្សែ ស្មើនឹង ២០.១៩៥ ម៉ែត្រ សាលារៀនចំនួន ១២ទីតាំង វត្តអារាមចំនួន ១០ទីតាំង មណ្ឌលសុខភាព០៣ទីតាំង ប៉ុស្តិ៍សុខភាព០២ទីតាំង រោងចក្រ១៣ទីតាំង សហគ្រាសធន់តូច និងសិប្បកម្មចំនួន ១១ទីតាំង ដែលមានកម្មករសរុប ៥៤១៦នាក់ ស្រី៣៦៤៥នាក់។ ក្នុងនោះដែរ ក៏មានជំនន់ទឹកភ្លៀងបណ្តាលឱ្យភូមិចំនួន១៩ភូមិ ក្នុងសង្កាត់ចំនួន៥ ជន់លិចខ្នងផ្ទះចំនួន ១២៧៩ ខ្នងផ្ទះស្មើនឹង ១៣២៥គ្រួសារ ដែលមាន ប្រជាពលរដ្ឋចំនួន៦៩១២ នាក់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ៕ ដោយ សួស សំរិត

សម្រួលផ្សាយ៖ កន ចំណាន