ក្រុងមួយនៃប្រទេសកូរ៉េខាងត្បូង ផ្តល់រថយន្តសង្គ្រោះ០២គ្រឿង ដល់ខេត្តបាត់ដំបង

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយ លោក ភី សុខ វិទ្យុជាតិកម្ពុជាចម្ការចេកខេត្តបាត់ដំបង

បាត់ដំបង៖ អង្គភាពសង្រ្គោះបន្ទាន់ របស់ទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តគិលានសង្គ្រោះចំនួនពីរគ្រឿង បំពាក់បរិក្ខាទំនើបៗ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការមិត្តភាពនៃខេត្តនិងក្រុងទាំងពីរ។

ក្នុងពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះ០២គ្រឿងនេះ ធ្វើឡើងកាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដោយអញ្ជើញចូលរួមពី លោក Lee Choon-hee អភិបាលក្រុងសេជុង និងឯកឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំសាធាណរដ្ឋកូរ៉េ តំណាងឱ្យ រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីទូតកម្ពុជាប្រចាំសាធាណរដ្ឋកូរ៉េ ។

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធាណរដ្ឋកូរ៉េបានមានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ នឹងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួលជ្រោមជ្រែង និងផ្ដល់នូវកិច្ចសហការនានាដើម្បីឱ្យកម្ពុជា និង កូរ៉េខាងត្បូង និយាយជារួម  និងដោយឡែករវាងខេត្តបាត់ដំបង និង ទីក្រុងសេជុង ឱ្យកាន់តែមានភាពស្អិតល្មួត និង ផ្ដល់នូវផលប្រយោជន៍រួម ទៅវិញទៅមក។

ឯកឧត្តមបន្តថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងសេជុង បានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីបំណង( letter of intent) បង្កើតកិច្ចសហប្រតិបត្តិការមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ ។ ការផ្តល់ជូនរថយន្តគិលានសង្គ្រោះចំនួនពីរគ្រឿងនេះ គឺជាការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ពិសេសវិស័យកសិកម្ម និងការអភិវឌ្ឍទីក្រុងវៃឆ្លាត៕​