ឯកឧត្តម ខៀវ កាញារីទ្ធណែនាំឱ្យវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ត្រៀមផ្សាយបន្តផ្ទាល់ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាខាងមុខនេះឱ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ឯកឧត្តមខៀវ កាញារីទ្ធបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ត្រៀមផ្សាយបន្តផ្ទាល់ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាខាងមុខនេះឱ្យបានល្អទាំងសំឡេង និងរូបភាព។

ក្នុងឱកាសអញ្ជើញទៅពិនិត្យមើលទីតាំងរត់ខ្សែបណ្តាញតភ្ជាប់ពីរថយន្តចល័ត មកកាមេរ៉ា និងមីក្រូ នៅក្បែរវិមានឯករាជ្យ សម្រាប់ត្រៀមថតរូបភាព និងបំពងសំឡេងរបស់វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា ក្នុងពិធីបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកាខាងមុខនេះ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងវិទ្យុជាតិកម្ពុជា និង ទូរទស្សន៍ជាតិកម្ពុជា រួមសហការសាមគ្គីគ្នាឱ្យបានល្អ ក្នុងការបំពេញកិច្ចការងារថតផ្សាយបន្តផ្ទាល់នូវគ្រប់ទិដ្ឋភាពសំខាន់ៗ នៃពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលនឹឹងប្រព្រឹត្តទៅ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានត្រៀមលក្ខណៈ និងសម្ភារបច្ចេកទេសគ្រប់គ្រាន់ តាមរយៈរថយន្តចល័ត OB Van ថ្មី ដែលមានបំពាក់កាមេរ៉ាថត ធំៗ ចំនួន ៨ គ្រឿង រួមជាមួយការបន្ថែម កាមេរ៉ា និងដ្រូនថតពីលើអាកាស សរុបជារួម គឺនៅពេលដំណើរការ នៃពិធីបុណ្យ ឯករាជ្យ ៩ វិច្ឆិកា ទូរទស្សន៍ជាតិកម្ពុជា នឹងអាចថតផ្សាយផ្ទាល់បាននូវទិដ្ឋភាពនានា ចំនួន ១៣ កន្លែង ចាប់ពីខាងមុខ ព្រះបរមរាជវាំង រហូតដល់វិមានឯករាជ្យតែម្ដង ដែលធ្វើឱ្យការផ្សាយបានកាន់តែច្បាស់បន្ថែមទៀត ។

សូមបញ្ជាក់ថា ពិធីបុណ្យឯករាជ្យេជាតិ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចងចាំជានិច្ច ក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាន នូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល ទាមទារឯករាជ្យជាតិពីពួកអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ៕​