អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញការជួសជុលជាបន្ទាន់ឡើងវិញ នូវប្រព័ន្ធធារាសាស្ត្ររងការខូចខាតដោយជំនន់ទឹកភ្លៀង

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–

អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន និងកំពុងប្រឹងប្រែងជំរុញការជួសជុលឡើងវិញនូវ ប្រព័ន្ធធារាសាស្ត្រ ដែលទទួលរងការខូតខាតដោយសារតែជំនន់ទឹកភ្លៀងបានវាយ ប្រហារហូរកាត់បុកដាច់នៅតាមតំបន់មួយចំនួនដើម្បីធ្វើឱ្យប្រសើរសំដៅធានាដល់ការរក្សាទឹកទុកប្រើប្រាស់ និងសម្រួលជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផង។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាព និងបាននាំយកគ្រឿងចក្រទៅបិទតភ្ជាប់ ទំនប់ចាស់ កាត់ស្ទឹងថ្មពួក ដែលត្រូវទឹកជំនន់បុកដាច់នាពេលកន្លងមកនេះ ដើម្បីរក្សាទឹកទុក ប្រើប្រាស់ និងសម្រួលផ្លូវឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដឹកជញ្ជូនភោគផលឆាប់ៗខាងមុខនេះ ក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋត្រូវប្រឹងប្រែងក្នុងការទប់ទឹករក្សាទឹកទុកឱ្យបានច្រើនដើម្បីសម្រាប់ប្រើប្រាស់ជួយស្តារការដាំដុះឡើងវិញក្រោយពេលទឹកជំនន់ស្រកទៅវិញនោះតាមរយៈការយកចិត្តទុកដាក់ជួសជុលនូវទំនប់ទឹកទាំងឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះឱ្យបានទាន់ពេលវេលា។

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ផែនការជាពិសេសក្នុងការស្តារជីវភាពកសិករ តាមរយៈជួយបង្កើនការដាំដុះឡើងវិញ ក្រោយពេលទឹកជំនន់។ ដើម្បីជំរុញការដាំដុះទាំងការធ្វើស្រែ និងដំណាំផ្សេងៗការរក្សាទឹកទុកជារឿង ចំបាច់បំផុត។ ព្រោះតែហេតុនេះហើយទើបសម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកក៏ដូចអាជ្ញាធរដែនដីឆ្លើយតបបន្ទាន់លើការងារជួសជុលទំនប់ និងប្រឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ។

ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋនៅគ្រប់បណ្តាមូលដ្ឋានដែលរងការជន់លិចឱ្យយកចិត្តទុកដាក់ចាត់វិធានការឱ្យចុះទៅពិនិត្យប្រភពទឹកនានាហើយរិះរកវិធីទប់ទឹករក្សាទឹកទុកនៅគ្រប់ ប្រភពទឹកទាំងអស់មិនថាទំនប់ប្រឡាយត្រពាំង ឬស្រះទឹកនោះទេត្រូវធ្វើសកម្មភាពឱ្យគ្រប់លទ្ធភាពដែលមានក្នុងការរក្សាទឹកទុកឱ្យបានច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋដាំដុះក្រោយទឹកស្រក៕ ដោយឈុនសារ៉ាត