ប្រជាពលរដ្ឋចំនួន៥៨៣គ្រួសារ រស់នៅស្រុកឆែប  ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៥៨៣គ្រួសារ ស្មើនឹង៨៣១ក្បាលដី នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកឆែប។

ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ស្របនឹងលទ្ធផលវិជ្ជមានដ៏ធំធេងនៃការចុះបញ្ជីដីធ្លីថ្ងៃនេះ ប្រជាពលរដ្ឋចំនួន៥៨៣គ្រួសារ ស្មើនឹង៨៣១ក្បាលដីនៅ ស្រុកឆែប ត្រូវបានជាកម្មសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់ ។

ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើការសម្របសម្រួលឱ្យអស់លទ្ធភាព ទាំងក្នុងយន្តការ និងក្រៅយន្តការមុន នឹងបញ្ជូនមករដ្ឋបាលខេត្ត នៅពេលមានករណីទំនាស់ដីធ្លីកើតឡើងក្នុងមូលដ្ឋាន។ រាល់ការកាប់រានបែបអនាធិបតេយ្យ ឬការទាមទារដីធ្លីដែលមិនបានកាន់កាប់ប្រើប្រាស់ជាក់ស្តែង ដោយគ្រាន់តែសំអាងមូលហេតុផ្សេងៗ គឺពុំអាចដោះស្រាយឱ្យបានទេ។

ក្នុងជំហានទី២ រាជរដ្ឋាភិបាលមានកម្មវិធីរៀបចំផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងលក្ខណៈប្រក្រតីបន្តទៀត ដោយជំរុញល្បឿនកាន់តែខ្លាំងថែមទៀត សម្រាប់គ្រួសារអតីតយុទ្ធជន យុទ្ធជនពិការ យុទ្ធជន និងគ្រួសារ និងប្រជាជនក្រីក្រដែលខ្វះខាតដីពិតប្រាកដ។ ដូច្នេះចំពោះករណីការចូលទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ត្រូវហាមឃាត់ជាដាច់ខាត ហើយចំពោះរាល់ការចេញលិខិត បញ្ជាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនស្របច្បាប់ក៏ត្រូវបានហាមឃាត់ជាដាច់ខាតដែរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធត្រូវ ពង្រឹង ការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេស បទល្មើសឆ្លងដែនខុសច្បាប់ នៅតំបន់ជាប់ព្រំដែនឡាវ ក្នុងឃុំ កំពង់ស្រឡៅ១ និងឃុំ កំពង់ស្រឡៅ២ និងសូមប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យ រស់នៅស្អាត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ និងជំងឺតម្កាត់ផ្សេងៗ និងសូមចូលរួម គោរពច្បាប់ចរាចរណ៍ រក្សាបាន ភូមិ ឃុំមានសុវត្ថិភាព និងមិនត្រូវកាប់រានទន្ទ្រានដីព្រៃខុសច្បាប់ឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ចំនួន៥៨៣គ្រួសារ ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨៣១ក្បាលដី ដែលមានផ្ទៃដីទំហំ ៣៥២៧០ហិកតា៕ ដោយ ទិត ស្រ៊