ឯកឧត្ដម វ៉ា ថន អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១២៧៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនចំនួន ១២៧៧ប័ណ្ណ ស្មើនឹង ៧៣៦ គ្រួសារ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ កាលពីព្រឹកថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះនាពេលនោះ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ធ្វើឡើងនៅទូទាំងខេត្ត ទាំងដីរដ្ឋ និងដីឯកជន។

ឯកឧត្ដមបញ្ជាក់ទៀតថា វិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ គឺជាលទ្ធផលនៃការ អនុវត្តកម្ម វិធីអនុវិស័យរដ្ឋបាលដីធ្លីលើការ ចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ ដើម្បីដោះ ស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លី ឱ្យមានសុវត្ថិភាព រឹងមាំ ធ្វើឱ្យកសិករមានដី កសិកម្មដើម្បីធ្វើអាជីវកម្មលើក កម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសចូលទន្ទ្រាន កាប់ព្រៃកាន់កាប់ដីដោយខុសច្បាប់៕ ដោយ ជួន សុជាតិ