រដ្ឋបាលជលផលលើកទឹកចិត្តឱ្យសមាជិកសហគមន៍នេសាទ ត្រូវធ្វើជាគំរូមុនគេ ក្នុងការរៀបចំឱ្យមានវារីវប្បកម្មប្រចាំគ្រួសារ

វិទ្យុជាតិកម្ពុជា ៖ គឹមហឿន ស្ទឹងត្រែង


MC៖ រដ្ឋបាលជលផលលើកទឹកចិត្តឱ្យសមាជិកសហគមន៍នេសាទ នៅតាមបណ្តា ឃុំ ស្រុក នីមួយៗ ក្នុងខេត្តស្ទឹងត្រែង ត្រូវធ្វើជាគំរូមុនគេក្នុងការរៀបចំឱ្យមានវារីវប្បកម្ម ប្រចាំគ្រួសារដោយ អនុវត្តតាមបច្ចេកទេស ដើម្បីអាចផ្គត់ផ្គង់តម្រូវការ ហូបចុកប្រចាំថ្ងៃ និងបង្កើនចំណូលក្នុងក្រុមគ្រួសារ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដំណើរការសាងសង់ស្ថានីយស្រាវជ្រាវ និង ផលិតកូនត្រីពូជនិងសុវត្ថិភាពសង្គម លោក ឆេង ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ទន្លេមេគង្គដំណាក់កាលទី៣មានប្រសាសន៍ ថា ខណ្ឌជលផលត្រូវចាប់ផ្តើមផ្សព្វផ្សាយចាប់ពីពេលនេះទៅ ដើម្បីឱ្យប្រជាសហគមន៍នេសាទត្រៀមខ្លួនមកសិក្សាយក បច្ចេកទេសក្នុងការចិញ្ចឹមត្រី និងភ្ញាស់កូនត្រីជាដើម។
ឯកឧត្តមបន្តថា ខេត្តស្ទឹងត្រែង ដែលជាម្ចាស់ផ្ទះ ត្រូវធ្វើជាគំរូអនុវត្តនូវវារីវប្បកម្ម ដើម្បីប្រែក្លាយកិច្ចការងារនេះ ឱ្យទៅជាការអភិរក្សពូជត្រីសំខាន់ៗនៅទន្លេមេគង្គ និង បង្កើនធនធានមច្ឆជាតិឱ្យកាន់តែសម្បូរបែប។ លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបានគាំទ្រចំពោះយន្តការនេះ ព្រោះបើនៅតាមគ្រួសារមួយមានវារីវប្បកម្ម វាមានប្រយោជន៍ជួយស្តារជីវភាពឱ្យប្រសើរឡើង។ ជាងនេះទៀតគឺមានភាពងាយស្រួលក្នុងការទទួលទាន ដោយមិនបាច់ ចំណាយថវិកាទៅទិញត្រីនៅទីផ្សារ ហើយបានចូលរួមចំណែកកាត់បន្ថយការនេសាទត្រីពីធម្មជាតិទៀតផង។
លោក ឯក ឌុំ កសិករចិញ្ចឹមត្រីនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែងបានអះអាងថា បច្ចុប្បន្ននេះ មានកសិករភាគតិចបំផុតដែលចិញ្ចឹមត្រី ដោយសារតែមានភាពលំបាកទៅទិញកូនត្រីពីប្រទេសជិតខាងមកផង និងពីបណ្តាខេត្តឆ្ងាយៗផង ហើយមានតម្លៃថ្លៃថែមទៀត។
លោក បានគាំទ្រចំពោះការលើកទឹកចិត្តបែបនេះ ព្រោះវាបានផ្តល់លទ្ធភាពឱ្យកសិករអនុវត្តផ្នែកវារីវប្បកម្មបានផុលផុសឡើង តែសុំឱ្យមន្ត្រីជំនាញជលផលបើកវគ្គបណ្តុះបណ្តាលឱ្យបានឆាប់ ដើម្បីឱ្យកសិករយើងមានចំណេះដឹង មុននឹងឈានទៅ ចំណាយដើមទុន បើកការចិញ្ចឹមត្រីនោះ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានកសិករប្រមាណជាង១០គ្រួសារ បាននាំគ្នាចិញ្ចឹមត្រី ក្នុងនោះមាននៅក្នុងសង្កាត់ ព្រះបាទ និង នៅឃុំស្រែក្រសាំង ក្នុងស្រុកសៀមបូកតែប៉ុណ្ណោះ ។ បច្ចុប្បន្នខេត្តស្ទឹងត្រែង មានសហគមន៍នេសាទចំនួន ៥២សហគមន៍៕