តំបន់ទេសចរណ៍ភ្នំជំរកសត្វ ខេត្តស្តឹងត្រែងកំពុងទាក់ទាញភ្ញៀវទេសចរ និងបង្កើតការងារជូនប្រជាសហគមន៍

វិទ្យុជាតិកម្ពុជា៖ គឹមហឿន


ស្ទឹងត្រែង៖ រមណីយដ្ឋានអេកូទេសចរណ៍ ភ្នំជម្រកសត្វ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានភ្ញៀវទៅទស្សនាជាអចិន្ត្រៃយ៍ ដោយបានផ្តល់ប្រាក់ចំណូលយកទៅដោះស្រាយជីវភាព និងទុកជួយសហគមន៍ ក្នុងការបង្កើនការអភិរក្សធនធានធម្មជាតិនៅតំបន់នោះឱ្យស្ថិតស្ថេរគង់វង្ស ដើម្បីបម្រើឱ្យវិស័យទេសចេណ៍ទៅមុខទៀត។
ក្នុងសកម្មភាពរៀបចំកែលម្អ រមណីយដ្ឋានអេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ញាន ផុន ប្រធានសហគមន៍នេះ បាន បញ្ជាក់ថា តំបន់ភ្នំជម្រកសត្វ មានសក្តានុពលពីធម្មជាតិ មានសម្រស់ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ម្តងហើយចង់មកម្តងទៀត។
លោកបន្តថា៖តំបន់ទេសចរណ៍នេះ មានឈើធំៗ -សត្វព្រៃ -ល្អាងថ្មដូចរូបចម្លាក់-ល្អាងជួបស្នេហ៍-ល្អាងថែអូន និង ល្អាងជួបបងជាដើម។
លោកបន្ថែមថា ជាងនេះទៅទៀតពេលភ្ញៀវទេសចរមកទស្សនាបានឡើងទៅលើកំពូលភ្នំ មើលឃើញទេសភាពភ្នំទាំងមូល ដូចជាភ្នំឈ្អោក ភ្នំក្ងោកមាស ភ្នំដំរីជល មានទេសភាពល្អប្រណិតផ្សេងៗពីគ្នា ។
កញ្ញា ប៊ុនចាន់ ធា ជាភ្ញៀវទេសចរក្នុងខេត្តស្ទឹងត្រែង បានឱ្យដឹងថា ពេលបានមកដល់ រមណីយដ្ឋាននេះ នាងបានឃើ ប្រជាសហគមន៍ រៀបចំបានល្អដោយមានជណ្តើរឡើង មានអ្នកនាំផ្លូវ មានកន្លែងលក់ចំណីអាហារត្រឹមត្រូវ កន្លែងចតរថយន្ត ម៉ូតូ និងមានអ្នកយាមត្រឹមត្រូវទៀតផង។
លោក ផល លុយ ប្រធានប្រតិបត្តិនៃសមាគមន៍ថែរក្សាបរិស្ថាននិងវប្បធ៌មប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អង្គការដៃគូ នៅបន្តគាំទ្រការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នេះឱ្យបានចប់ចុងចប់ដើម ដើម្បីធានាឱ្យតំបន់នេះ នៅតែមាន និរន្តរភាពសម្រាប់បម្រើដល់វិស័យទេសចរណ៍។លោកបន្ថែមថា ក្នុងពេលឆាប់ៗនេះគម្រោងនឹងរៀបចំដាក់ផ្ទាំងសូឡា ភ្លើងបំភ្លឺតាមល្អាង កែសម្រួលផ្លូវឡើង តាមតំបន់នីមួយៗ និងរៀបចំផ្នែកបរិស្ថាន ដើម្បីលើកស្ទួយឱ្យមានសោភ័ណ្ឌភា បន្ថែមទៀត។
សូមបញ្ជាក់ថា តំបន់ភ្នំជម្រកសត្វនេះ ស្ថិតនៅចម្ងាយពីទីរួមខេត្តប្រមាណជាង៥០គីឡូម៉ែត្រ ហើយបានបើកដំណើរការ ជូនភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាបានរយៈពេលជិត៣ខែមកហើយ ដោយសង្ឃឹមថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ២០២០ ចូល ២០២១ខាងមុខនេះ នឹងមានភ្ញៀវមកទស្សនាកាន់តែច្រើន៕