រដ្ឋសភាហៅតំណាងរាជរដ្ឋាភិបាលចូលបំភ្លឺពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៤ ១១ ២០២០


MC: រដ្ឋសភា ហៅតំណាងរាជរដ្ឋាភិបាលចូលបំភ្លឺអំពីការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ដែលនឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលធ្វើការខ្ចីឥណទានពីបរទេស សម្រាប់យកមកធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្ថែមទៀត។
ក្នុងជំនួបប្រជុំជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា បានស្នើឱ្យពន្យល់ឱ្យបានច្បាស់លាស់ពីការរៀបចំនូវសេចក្តីព្រាងច្បាប់នេះឡើង ខណៈការគ្រប់គ្រងបំណុលសាធារណៈរបស់រដ្ឋ បាននិងកំពុងស្ថិតក្នុងគម្រោងខ្ចីឥណទានពីបរទេសជាបន្តបន្ទាប់ ដើម្បីយកមកដោះស្រាយលើគម្រោងអភិវឌ្ឍន៍នានា។
បើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងមានវិសាលភាពចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស ដើម្បីស្វែងរកប្រភពឥណទាន សម្រាប់យកមកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការខ្ចីឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍ក្រៅប្រទេសមក គឺរាជរដ្ឋាភិបាលមានការប្រយ័ត្នប្រយែង ច្បាស់លាស់និងហ្មត់ចត់ លើការគ្រប់គ្រងបំណុលសាធារណៈ ដោយផ្អែកលើគោលការណ៍គន្លឹះចំនួន៤ដូចជា៖ ១. ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២. ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣. ខ្ចីសម្រាប់វិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, និង៤. ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាពខ្ពស់។ ឯកឧត្តម បានបន្តថា យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ នៅតែបន្តអនុវត្តគោលការណ៍ទាំង៤ខាងលើ និងបន្ថែមនូវគោលការណ៍ទី៥មួយទៀតគឺ ប្រើប្រាស់ឥណទានសម្រាប់សម្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលមានស្តង់ដារ និងគុណភាពខ្ពស់ សំដៅឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិដូចជាការធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម អះអាងថា កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការខ្ចីឥណទានដោយការប្រាក់ទាបពីដៃគូអភិវឌ្ឍន៍ពីក្រៅប្រទេស ខណៈការបោះផ្សាយមូលបត្ររដ្ឋនៅមិនទាន់ជាអាទិភាពនៅឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ដើម្បីជាឧបករណ៍ហិរញ្ញវត្ថុ ដែលបម្រើដល់ការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុកពីវិស័យឯកជន សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕