ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា គាំទ្រ​ចំពោះ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល របស់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០
​ឯកឧត្តម Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​អបអរសាទរ​និង​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គោលនយោបាយ​លើកកម្ពស់​ការ ប្រើប្រាស់​ប្រាក់រៀល​របស់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​កន្លងមក​ទទួល បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ រូបិយវត្ថុ​នៅ​កម្ពុជា​។ ការលើកឡើង​របស់​ឯក​ឧត្ដម ឯកអគ្គរដ្ឋទូត​នេះ ក្នុងជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា មុន​ពេលដែល​ឯកឧត្តម​នឹងត្រូវ​បញ្ចប់​អាណត្តិ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​បាន​បំពេញបេសកកម្ម​រយៈពេល ៤ ឆ្នាំ នៅ​កម្ពុជា​រួចមក​។ ជំនួប​នេះ ធ្វើឡើង កាលពី​នៅ​ថ្ងៃ​អង្គារ ៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ឯកឧត្តម Michael Tan Keng Soing បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តុ​ការ​ទ្វេភាគី និង​បាន​បង្កលក្ខណៈ​អំណោយផល​ដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ នៃ​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម​បានលើកឡើង​ថា នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ សិង្ហ​បុរី បង្កើន​ការវិនិយោគ​គួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុន​ដែលមាន​ប្រភព​មកពី​សិង្ហ​បុរី រួមមាន នៅក្នុង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី និង​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ដែល​រួមចំណែក​ធ្វើឱ្យ​វិស័យ​ធនាគារ​កាន់តែ​មានការ​រីកចម្រើន​។ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ធនាគារកណ្ដាល​ទាំងពីរ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី​(MAS) តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន ការបណ្តុះបណ្ដាល​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​។ ជាមួយគ្នានេះ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នវានុវត្តន៍​ហិរញ្ញវត្ថុ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើតជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារកណ្តាល​ទាំងពីរ ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ​របស់​សាមី ប្រទេស​។ ឯកឧត្ដម​បាន​បន្ដថា តាមរយៈ​អនុស្សរណៈ​នេះ ធនាគារកណ្តាល​ទាំងពីរ​អាច​ចែករំលែក​ព័ត៌មាន​ស្តីពី​និន្នាការ និង​ការអភិវឌ្ឍ​ទីផ្សារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន ក៏ដូចជា​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​នវានុវត្តន៍​នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​។
​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ការរៀបចំ Fintech Festival នៅ​ប្រទេស​សិង្ហ​បុរី និង​បាន​អនុញ្ញាតឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ធ្វើជា​វាគ្មិន តាម​ការអញ្ជើញ​របស់​សិង្ហ​បុរី ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជម្រាបជូន ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ពី​ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដែល​បន្ត​មាន​ប្រតិបត្តិការ​ជា​ប្រក្រតី និង​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ការចូលរួម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង ស្រុក​។ ឯកឧត្តម​ទេសាភិបាល​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី​ក៏ដូចជា​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ដែល​បាន​គាំទ្រ​កម្ពុជា ក៏ដូចជា​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​កសាង​សមត្ថភាព​របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​តាមរយៈ​ការផ្តល់​អាហា​រូប​ករ ណ៍ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ការចែករំលែក​បទពិសោធ​ន៍​ក្នុង​វិស័យ​ធនាគារ ក៏ដូចជា​បាន​សហការ​រួមចំណែក​ក្នុង​ការជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ឯកឧត្តម​ទេសាភិបាល​បាន​កោតសរសើរ​ការរួម​ចំណែក​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ធនាគារ​កណ្ដា ល​ទាំងពីរ ក្នុង​រយៈ​ពេលដែល​ឯកឧត្តម​បាន​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​៕​ដោយ​៖ រិទ្ធី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល