ជនសង្ស័យម្នាក់បាននិយាយថាគាត់មិនឃើញមានប្រភេទគ្រាប់មីស៊ីលដែលយកមកបាញ់ទម្លាក់យន្តហោះ MH17 ទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.១១.២០)

បរទេស៖ នៅក្នុងវីដេអូមួយដែលត្រូវបានចាក់មើលកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកានៅក្នុងសវនាការជំនុំជម្រះ    ជនសង្ស័យជាជនជាតិរុស្ស៊ីម្នាក់  បាននិយាយថា ខ្លួនមិនដែលបានឃើញប្រភេទគ្រាប់មីស៊ីល ដែលគេអះអាងថា យកមកប្រើបាញ់ទម្លាក់​យន្ដហោះ MH17    នោះទេ  ។

អូឡិក ពូឡាតូវ ​គឺជាជនសង្ស័យម្នាក់ក្នុងចំណោម​បួននាក់ដែលត្រូវបានកាត់ទោសដោយតុលាការហូឡង់ជុំវិញការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបានធ្វើដំណើរពីទីក្រុងអាំស្ទឺដាំ ទៅទីក្រុងគូឡាឡាំហើយបានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៤ កន្លងមកដោយបានសម្លាប់មនុស្សទាំងអស់ចំនួន ២៩៨ នាក់។

អ្នកស៊ើបអង្កេតបាននិយាយថាមីស៊ីលប្រភេទបាក់ (BUK) របស់សូវៀត​  ត្រូវបានពួកឧទ្ទាមគាំទ្ររុស្ស៊ី​ប្រើដើម្បីបាញ់​យន្តហោះនោះ  ។ នៅក្នុងវីដេអូជនសង្ស័យបាន និយាយថា    គាត់មិនបានឃើញមីស៊ីលប្រភេទបាក់​ នោះទេ។