រាជរដ្ឋាភិបាលផ្តល់សម្ភារបរិក្ខារសុខាភិបាលចំនួន៤៩មុខតម្លៃជិត៤០០លានរៀលដល់ ខេត្តត្បូងឃ្មុំ

​  វិទ្យុជាតិកម្ពុជា​៖


ត្បូងឃ្មុំ៖ កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ភារបរិក្ខារសុខាភិបាល ចំនួន៤៩មុខ ត្រូវបានផ្តល់ជូនដល់មន្ទីរពេទ្យបង្អែក និងប៉ុស្តិ៍មណ្ឌលសុខភាពនៅ ទូទាំងខេត្តត្បូងឃ្មុំ តាមរយៈក្រសួងសុខាភិបាល ដើម្បីជួយជំរុញលើការពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ។
លោក ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សម្ភារបរិក្ខារទាំងនេះ មានសរុប១២ឃីត ស្មើនឹង៤៩មុខ ដែលសរុបជាទឹកប្រាក់ ប្រមាណជិត៤០០លានរៀល នឹងត្រូវយកទៅចែកជូនទៅមណ្ឌលសុខភាពទាំង៧១ មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកក្រុងទាំង០៧។ សម្ភារទាំងនេះមិនមាន ក្នុងផែនការប្រចាំឆ្នាំទេ គឺជាសម្ភារបំពេញបន្ថែម។
នៅក្នុងឱកាសនោះដែរ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា សម្ភារបរិក្ខាពេទ្យដែលបានប្រគល់ជូននៅពេលនេះ គឺជាការផ្តល់ជូនបំពេញបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍វៃឆ្លាត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានលើកគម្រោងសម្ភារផ្ដល់ចែកជូនដល់មូលដ្ឋានសុខាភិបាល នៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ តាមរយៈក្រសួងសុខាភិបាល ធ្វើយ៉ាងណាឱ្យការបម្រើសេវាវិស័យសុខាភិបាលនៅកម្ពុជា បានកាន់តែល្អ ទទួលបាន ទំនុកចិត្តពីពលរដ្ឋ ពិសេសបំពេញឱ្យបានកាន់តែប្រសើរ នាអំឡុងការរាតត្បាត ជំងឺកូវីដ-១៩។
លោក កែវ វណ្ណៈ ក៏បានណែនាំដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក ប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវទុកដាក់និងប្រើប្រាស់ឱ្យបានល្អ បម្រើផលប្រយោជន៍ សុខភាពសាធារណរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់៕