រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖ សិស្សានុសិស្ស​ដែល​ពិការភ្នែក​និង គ ថ្លង់ មិនមែនជា​ឧបសគ្គ​ក្នុង ការរក​ការងារ​ធ្វើ​នោះទេ គ្រប់​ស្ថាប័នរដ្ឋ​និង​ឯកជន ត្រូវ​ទុក​២​ភាគរយ សម្រាប់​ជនពិការ​

AKP កំពង់ចាម ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០
​ដោយ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន គិត​គួរ​ពី​សុខទុក្ខ និង​ការសិក្សា ក៏ដូចជា​ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ​របស់​ក្មួយៗ​ពិការភាព ដែល​កំពុងស្នាក់នៅ​សិក្សា​រៀនសូត្រ​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស កំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ទេព រង្ស៊ី រួមជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជា​កុមារ​ពិការភ្នែក និង គ ថ្លង់ ព្រមទាំង​រៀបចំ​អាហារ ជូន​ដល់​ក្មួយ​ទាំងអស់​ផងដែរ​។ ក្នុងឱកាស​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ថា ការដែល​ពិការភ្នែក និង គ ថ្លង់ មិនមែនជា​ឧបសគ្គ ក្នុង​ការរក​ការងារ​ធ្វើ​នោះទេ គឺ​រដ្ឋ​តម្រូវឱ្យ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន នៅពេល​ប្រឡង​ជ្រើស​បុគ្គលិក​ចូល​បម្រើ​ការងារ ត្រូវ​ទុក​ចំនួន ២ ភាគរយ សម្រាប់​ជនពិការ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជា​កុមារ​ពិការភ្នែក និង គ ថ្លង់​នៅ​វិទ្យាល័យ​អប់រំ​ពិសេស កំពង់ចាម កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា ដោយសារ​ជំងឺ​កូ​វីដ​១៩ សម្រាប់​ឆ្នាំ​២០២០​នេះ មិនមាន​ការប្រឡង​រើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី បន្ថែម​នោះទេ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ តែ​រាជរដ្ឋាភិបាល​បានផ្តល់​ជា​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​ផងដែរ​។ ឯកឧត្ដម​បានលើកឡើង​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​និច្ចកាល​តែងតែ​បានគិត​គួរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ក្មួយៗ​ជា​កុមារ​ពិការភ្នែក កុមារ គ ថ្លង់ និង​កុមារ ខ្សោយសតិ​បញ្ញា ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ក្មួយៗ​ទាំងអស់ ទទួលបាន​ភាពកក់ក្តៅ និង​ទទួល​ការសិក្សា មាន ចំណេះដឹង​ខ្ពង់ខ្ពស់ អនាគត​ល្អ ដូច​អ្នក​ដែលមាន​រាងកាយ​ពេញលក្ខណៈ​ដែរ​។ ឯកឧត្តម រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​១៧ ឆ្នាំ​មកនេះ ដែល​ឯកឧត្ដម​បានមក​ជួយ​ដល់​សាលា​កុមារ គ ថ្លង់​ខេត្តកំពង់ចាម ហើយ​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយនេះ ក៏មាន ការជួយ​បន្ថែម​ដល់​កុមារកំព្រា ដែល​ជួប​ការលំបាក​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ឯកឧត្តម​មានការ​សប្បាយ​រីករាយ ដោយ​បានឃើញ​ក្មួយៗ គ ថ្លង់ បាន​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ មានការ​ងារ​ល្អ​ធ្វើ មានគ្រួសារ​ប្រកបដោយ​សុខ​សុភមង្គល​ថែម​ទៀតផង​។ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​តែងតែបាន​ជួយ​ឧ​ប​ត្ត​ម្ភ គាំទ្រ ដល់​សាលា​កុមារ គ ថ្លង់ ខេត្តកំពង់ចាម នេះ តាំងពីដើម​រហូតមក​ដល់​បច្ចុប្បន្ន ដែលជា​ការបង្ហាញ​ពី​ការចូលរួម​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​ផងដែរ​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​អរគុណ​ចំពោះ មូលនិធិ ហោ ណាំហុង​-​បូរី​ហោ ដែល​កាលពីរ​ឆ្នាំ​កន្លង ទៅនេះ បាន​ជួយ​កសាង​អគារ​ស្នាក់នៅ​០១ ខ្នង កម្ពស់ ៣ ជាន់ មាន ១២​បន្ទប់ សម្រាប់ កុមារ​ពិការភ្នែក និង គ ថ្លង់ នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ដើម្បី​ឱ្យមាន​កន្លែង​ទូលាយ​សម្រាប់​សិស្ស​រៀនសូត្រ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ផ្តាំផ្ញើ​ដល់​អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ ដែល​ទទួល​គ្រប់គ្រង​ថែរក្សា​កុមារ​ពិការភ្នែក កុមារ គ ថ្លង់ ត្រូវធ្វើ​យ៉ាងណា​រក្សា​អនាម័យ​ឱ្យបាន​ស្អាត​ល្អ ដើម្បី បញ្ចៀស​ការឆ្លង​ជំងឺ​បាន​ប្រមាណ​៧០ ភាគរយ​។
​បើតាម​របាយ​ការបញ្ជាក់​របស់​គណៈ​គ្រប់គ្រង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​បានឱ្យដឹងថា វិទ្យាល័យ​អប់រំ​ពី​សេស កំពង់ចាម ជា​អតីត​សាលា​កុមារ​ពិការភ្នែក ឬ​កុមា​រគ​ថ្លង់​កំពង់ចាម របស់​អង្គការ​គ្រួសារ​ថ្មី ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០២ និង​បាន​សម្ពោធ​ជា​ផ្លូវការ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០០៣​។ ប៉ុន្តែ​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ទៅជា​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ចាប់ពី​ឆ្នាំ​សិក្សា​២០១៧-២០១៨​។ វិទ្យាល័យ​ពិសេស​នេះ មាន​បុគ្គលិក សរុប ៣៦ នាក់ ស្រី ១៥ នាក់ ។ សិស្ស​សរុប​មាន​ចំនួន ១៧១ នាក់ ស្រី​ចំនួន ៧៣ នាក់ ក្នុងនោះ​សិស្ស​ពិការភ្នែក មាន​ចំនួន ៥៩ នាក់ សិស្ស គ ថ្លង់ ចំនួន ១១២ នាក់​។ ចំពោះ​សកម្មភាព​ការសិក្សា​របស់​សិស្ស​ពិការភ្នែក​ចំនួន​១២​ថ្នាក់ ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ សិស្ស គ ថ្លង់ ចំនួន ១៣ ថ្នាក់ ចាប់ពី​ថ្នាក់​ទី ១-​ក ទី​១-​ខ ដល់​ថ្នាក់​ទី​១២-​។ របាយការណ៍​បាន​បន្ដថា សាលា​អប់រំ​ពិសេស បង្រៀន​ទៅតាម​កម្មវិធី​ក្រសួង​អប់រំ​យុវជន និង​កីឡា តែ​ត្រូវ​បន្ថែម​ជំនាញ​ពិការភាព​ដល់​សិស្ស​ផងដែរ​។ ក្រៅពីនេះ សាលា​មាន​បង្រៀន ភ្លេង សិល្បៈ និង​បង្ហាត់​ស្តាប់ និយាយ​សម្រាប់​សិស្ស គ​ថ្លង់​។ ប៉ុន្ដែ​អ្វីដែល​សំខាន់​ដែរនោះ គឺ​ការថែទាំ​សុខភាព ការផ្គត់ផ្គង់​សម្ភារ សិក្សា និង​របស់​ប្រើប្រាស់ ប្រចាំថ្ងៃ ពិសេស​ការជួយ​ឧ​ប​ត្ត​ម្ភ​ពី​សប្បុរសជន​នានា ដល់​សាលា​៕​ដោយ​៖ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល